(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងថា ដរាបណាប្រទេសជាតិ យើងរក្សាបាននូវសុខសន្តិភាពបែបនេះ យើងនឹងបន្តទទួលបាននូវភាពរីកចម្រើនថែមទៀត និងបន្តវិវត្តន៍ទៅដូចបណ្តា ប្រទេសអភិវឌ្ឍន៍ដទៃទៀត។ ប្រទេសយើងមានសេដ្ឋកិច្ចរីកចម្រើន និងជីវភាពប្រជាពលរដ្ឋយើងកាន់តែល្អប្រសើរទៅបាន គឺអាស្រ័យលើធនធានមនុស្ស ដែលជាកោសិកាដ៏សំខាន់របស់ជាតិ។
ការថ្លែងយ៉ាងដូច្នេះរបស់ លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រគល់បរិញ្ញបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភី នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតទាំងអស់ ដែលបានទទួលជ័យលាភីនៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ លោកក៏សូមចូលរួមអបអរសាទរ និងសូមសម្តែងមោទនភាពជាមួយក្រុមគ្រួសារ និងអាណាព្យាបាលនិស្សិតទាំងអស់ ដែលទទួលបានជ័យលាភីក្នុងការសិក្សា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ជ័យលាភីដែលនិស្សិតទទួលបាននៅថ្ងៃនេះ គឺជាជោគជ័យមួយនៃដំណាក់កាលត្រៀមខ្លួន ក្នុងការចាប់យកឱកាសការងារ ដែលនឹងប្រកបដោយការប្រកួតប្រជែង។
ជាមួយគ្នានេះ លោកបានថ្លែងទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តប្រកបដោយសក្តានុពលសេដ្ឋកិច្ច និងអាចចាត់ទុកបានថា ជាទឹកដីដែលមានភាពរីកចម្រើនខ្លាំង បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍ និងលំហូរនៃឧស្សាហកម្ម។
លោកបណ្ឌិតបានលើកឡើងថា ការសិក្សា និងទទួលបានជ័យលាភីក្នុងការសិក្សា គឺជាការកសាង និងការសម្រេចបាននូវមូលដ្ឋានគ្រឹះសម្រាប់ខ្លួនឯង ខណៈនៅពេលទទួលបានការងារធ្វើ គឺជាឱកាសសម្រាប់យើងដែលត្រូវបញ្ចេញសមត្ថភាព និងច្បាមចាប់យកការងារ។
លោកបន្ថែមថា «រាជរដ្ឋាភិបាលបានបង្ករលក្ខណៈ និងបង្កើតឱកាសសិក្សាដល់និស្សិតយើង ទទួលបានការសិក្សាក្នុង និងក្រៅប្រទេស។ យើងមានធនធានមនុស្សរាប់ម៉ឺននាក់ ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់, បរិមាណគឺជាចំនួនមួយ ខណៈការគិតគូរវាយតម្លៃលើគុណភាព គឺមិនមែនផ្អែកលើតែអ្នកមានសញ្ញាបត្រមកពីក្រៅប្រទេសនោះទេ»។
លោក ហ៊ុន ម៉ាណែត បានលើកទៀតថា រាជរដ្ឋាភិបាលមិនផ្តល់អាទិភាពការងារឲ្យ តែអ្នកមានសញ្ញាបត្រមកពីក្រៅប្រទេសនោះទេ។ សំខាន់គឺការវាយតម្លៃទៅលើសកម្មភាព នៃការអនុវត្តការងារជាក់ស្តែង និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោកបានផ្តល់ដំបូន្មានដល់និស្សិតទាំងអស់ថា ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីពការងាររបស់ខ្លួន យើងត្រូវផ្តោតលើកត្តាបួន ទី១. មានសមត្ថភាព និងជំនាញច្បាស់លាស់ ទី២. ការអនុវត្តការងារជាក់ស្តែង ទី៣. គុណធម៌ និងសិល្បធម៌ ទី៤. ភាពស្មោះត្រង់។
លោកបញ្ជាក់ថា «យើងមិនអាចយកអ្នកនិយាយច្រើន ក្អេងក្អាង មិនអនុវត្តការងារ ឬ គ្មានលទ្ធផលការងារនោះទេ។ យើងត្រូវការអ្នកនិយាយតិច តែធ្វើច្រើន មានភាពក្លាហានបញ្ចេញមតិ និងមានគំនិតច្នៃប្រឌិតខ្ពស់។ ធនធានមនុស្សល្អ គឺរស់រវើកគ្រប់ពេលវេលា ព្រោះវាអាចដាស់តឿនយើងគ្រប់វិនាទីក្នុងការបន្តវិវត្តន៍ទៅមុខ កាន់តែល្អប្រសើរ និងមិនឲ្យថ្នាក់ដឹកនាំពិបាក និងហត់នឿយណែនាំដដែលៗ»៕