(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន ឧកញ៉ា ជួប ច័ន្ទ ដែលពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាង១លានដុល្លារអាមេរិក។
យោងតាមដីកាសម្រេចឃុំខ្លួនដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ បានបង្គាប់៖
១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជួប ច័ន្ទ ទៅពន្ធនាគាររាជធានីភ្នំពេញ PJ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
២៖ ឲ្យប្រធានពន្ធនាគារ PJ ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។
៣៖ ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។
សូមជម្រាបថា លោក លីវ វុទ្ធី តំណាងក្រុមហ៊ុនរបស់លោកឧកញ៉ា គឹម កៅ ដែលជាដើមបណ្តឹង បានដាក់ពាក្យប្តឹងឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ចំនួនជាងមួយលានដុល្លារអាមេរិក។
ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយក្រុមហ៊ុនដែលមានលោក លីវ វុទ្ធី ជាតំណាង ដែលមានលោកឧកញ៉ា គឹម កៅ ជាប្រធានក្រុមហ៊ុន លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមកលោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ជាងមួយលានដុល្លារអាមេរិក ដោយបានកំណត់ ឱ្យទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។
ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។ ក្រោយបានទទួលពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យចូលបំភ្លឺលើពាក្យបណ្តឹងនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឧកញ៉ា ជួប ច័ន្ទ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនម្តងរួចហើយ ពាក់ព័ន្ធករណីនេះ តាមការឯកភាពឱ្យឃាត់ខ្លួនរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក្រោយការសួរនាំ ក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនេះ ដោយសារយោងលើ «ដីកាសម្រេចរក្សាការពារ ស្តីពីការរឹបអូសជាបណ្ដោះអាសន្ន» លេខ២៩៧ «ង»ដ.រ ចេញដោយលោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ។
មន្ត្រីដដែលបានបន្តថា យោងតាមដីកាសម្រេចរក្សាការពារ ស្តីពីការរឹបអូសជាបណ្ដោះអាសន្ន នេះ គឺសបញ្ជាក់ឱ្យឃើញថា សែកនេះត្រូវបានអស់សុពលភាពហើយ។ ដូច្នេះ វាមិនអាចបង្កើតបានជាបទល្មើសទេ។ ទោះបីយ៉ាងណា មន្ត្រីដដែលសង្កត់ធ្ងន់ថា «ឧកញ៉ា ជួប ច័ន្ទ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមែន តែនីតិវិធីតុលាការនៅដដែល»៕