(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំ គណៈប្រតិភូទៅចូលរួមបើកពិព័រណ៌វប្ប ធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូ ដែលប្រារព្ធនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ព្រឹត្តិការណ៏ ពិព័រណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម គឺប្រារព្ធឡើងចំពេល ដែលម្ពុជា វៀតណាមកំពុងប្រារព្ធខួបលើកទី៥០ នៃខួបទំនាក់ទំនងការទូត និងជាខួបទី២០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយប្រទេសកូរ៉េ (ខាងត្បូង) និងជាខួបទី១១នៃការបង្កើតពិព័រណ៌វប្បធម៌-ឃ្យុងយូ អង្គរនៅខេត្តសៀមរាបអង្គរ។
ការតាំងពិព័រណ៌វប្បធម៌ពិភពលោក ក្រុងហូជីមិញ-ឃ្យុងយូ នេះគឺជាការផ្លាស់ ប្តូរនូវវប្បធម៌និងសិល្បៈនៃបណ្តាប្រទេស ក្នុងពិភពលោកក៏ដូចជាការចែករំលែកគំនិត នៃការការពារបេតិកភណ្ឌពិភពលោក និងណែនាំផ្សព្វផ្សាយវប្បធម៌នៃបណ្តា ប្រទេសនីមួយៗឲ្យពិភពលោកបានស្គាល់។
តាមរយៈពិព័រណ៌វប្បធម៌ពិភពលោក ក្រុងហូជីមិញ-ឃ្យុងយូនេះដែរ ពិភពលោកកាន់តែយល់ដឹងអំពីវប្បធម៌និងសិល្បៈ ពិភពលោកជាពិសេសវប្បធម៌កូរ៉េ វៀតណាម និងកម្ពុជា ដែលមានភាពទាក់ ទាញនិងសំបូរបែបដែលនឹងទាក់ទាញទេសចរណ៏ ឲ្យមកទស្សនាប្រទេសទាំងនេះ កាន់តែច្រើនថែមទៀត។
នៅក្នុងពិព័រណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ភាគីកម្ពុជា មានការចូលរួមតាំងពិព័រណ៌ និងសម្តែងសិល្បៈវប្បធម៌ខ្មែរ ដូចជាសិល្បៈរបាំអប្សរា របាំក្ងោកនិងរបាំមួយចំនួនទៀតដែលជាវប្បធម៌ និងប្រពៃណីខ្មែរ។
ទីក្រុងហូជីមិញ គឺជាទីក្រុងល្បីល្បាញ ដោយមានការទទួលស្គាល់ពីអង្គការយូណេស្កូ លើភាពឆ្នើមនៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវិចិត្រសិល្បៈ។ សង្ឃឹមថាពិព័រណ៌វប្បធម៌ពិភពលោក ក្រុងហូជីមិញ-ឃ្យុងយូ ដែលប្រារព្ធនៅទីក្រុងហូជីមិញប្រទេសវៀតណាម និងទទួលបានជោគជ័យ៕