(បាត់ដំបង)៖ លោក នឹម ថូត ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល និងជាប្រធានក្រុមការងារ ចុះជួយឃុំជ្រោយស្តៅ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រាប់ឲ្យសមាជិក អ្នកគាំទ្របក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំង សូមប្រញាប់មកចូលរួម រស់នៅជាមួយបក្ស CPP ឲ្យបានមុនថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលបក្សប្រឆាំងនេះ អាចត្រូវរំលាយ ចោលដោយតុលាការកំពូលនៅ៥ថ្ងៃទៀតខាងមុខនេះ។
ការអំពាវនាវបែបនេះ របស់លោកប្រធានក្រុមការងារស្រុកថ្មគោល ក្នុងឱកាសពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ នៅកម្ពុជា ដោយមានការចូលរួម ពីសំណាក់លោកប្រធានគណបក្សស្រុក, ប្រធានបក្សឃុំ សាខាបក្សភូមិនានា និងប្រជាពលរដ្ឋ ព្រះសង្ឃ តាជី យាយជី ចូលរួមជាច្រើននាក់ នៅក្នុងសាលាឆាន់វត្តនិគម ស្ថិតក្នុងភូមិនិគម ឃុំជ្រោយស្តៅ ស្រុកថ្មគោល។
ប្រធានក្រុមការងារស្រុកថ្មគោល បានបន្ថែមទៀតថា ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់បក្សប្រឆាំង ក៏ត្រូវបានតុលាការកំពូលព្យួរ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ តាមអំណាច សាលក្រមតុលាការកំពូល និងបិទផ្លូវតវ៉ា ដូច្នេះសូមអញ្ជើញចូលរួមឲ្យបានឆាប់ ព្រោះរាជរដ្ឋាភិបាលយើង បានសម្រេចរក្សាទុកតំណែងបងប្អូនឲ្យ នៅដដែលសម្រាប់មន្រ្តីកំពុងមានតួនាទី ក្នុងតំណែងបច្ចុប្បន្ន។
សមាជិកគណកម្មាធិការគណបក្សប្រជាជនកម្ពុជា រូបនេះ បានថ្លែងទៅកាន់អង្គប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗនេះថា យោងតាមច្បាប់ស្តីពី គណបក្សនយោបាយនៅកម្ពុជា និងដោយសារ មេបក្សប្រឆាំង បានក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋខ្លួនឯង រួមដៃជាមួយជនបរទេស មានគម្រោងយ៉ាងច្បាស់លាស់ រៀបចំធ្វើបដិវត្តិពណ៌នៅកម្ពុជា ដើម្បីរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ត្រឹមត្រូវតាមច្បាប់។
លោកថា សូម្បីតែអ្នកគាំទ្របក្សប្រឆាំង ក៏មិនបានដឹងរឿងអ្វីស៊ីជម្រៅបន្តិចសោះផង ដូច្នេះក្នុងនាមក្រុមការងារស្រុកថ្មគោល សូមអំពាវនាវដល់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលមាន ថ្នាក់ដឹកនាំបក្សប្រឆាំងគ្រប់លំដាប់ថ្នាក់មួយចំនួន មានថ្នាក់ក្រុមប្រឹក្សាខេត្ត ថ្នាក់ក្រុមប្រឹក្សាស្រុក-ក្រុង ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ អញ្ជើញរួសរាន់ ចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ឲ្យបានមុនថ្ងៃកំណត់គឺថ្ងៃទី១៦ ខែវិច្ឆិកា។
លោក នឹម ថូត បន្ដថា ព្រោះរយៈពេល៥ថ្ងៃខ្លីខាងមុខនេះ តុលាការកំពូលសម្រេចសាលក្រមរំលាយចោលបក្សសង្រ្គោះជាតិចោល និងអ្នកពាក់ព័ន្ធមួយចំនួនត្រូវបានព្យួរមិនឲ្យធ្វើ នយោបាយ៥ឆ្នាំទៀតផង ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវថ្មីៗនេះ។ បើបងប្អូនណាស្ម័គ្រចិត្តចូល សូមប្រញាប់ឡើងបើអ្នកណាមិនចង់ចូល ក៏យើងមិនបានបង្ខិតបង្ខំអ្វីដែរ នេះជាសិទ្ធិរបស់បងប្អូន។
នាឱកាសនោះដែរ លោកប្រធាន បានប្រាប់ទៅសមាជិកទាំងអស់ថា យើងត្រូវឃ្លាំមើលពីសកម្មភាពរបស់ជនណា ដែលធ្វើដោយខុសច្បាប់ក្នុងកំឡុង មុននិងក្រោយ ថ្ងៃទី១៦ ខែវិច្ឆិកានេះ ដែលតុលាការកំពូលសម្រេចសាលក្រមដោយបិទផ្លូវតវ៉ាផង។
លោកប្រធានបានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គល កឹម សុខា ពីបទក្បត់ជាតិនេះ គឺមិនទាក់ទង ដល់អ្នកគាំទ្របក្សប្រឆាំង នៅមូលហេតុអ្វីទេ ព្រោះបងប្អូនក៏មិនបានដឹងរឿង និងសិក្សា មិនដល់ថា មេបក្សរបស់បងប្អូន បានលួចក្បត់ជាតិដោយខ្លួនឯង ព្រមទាំងមានភស្តុតាងគ្រប់គ្រាន់ ដាក់បន្ទុកឈានទៅដល់ការចាប់ខ្លួន អនុវត្តទៅតាមផ្លូវច្បាប់ត្រឹមត្រូវរបស់កម្ពុជា។
បន្ទាប់ពីសំណេះសំណាល ក្នុងពីធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗនេះរួចមក លោកប្រធាន ក៏បានជូនថវិកាដល់អ្នកចូលរួមក្នុងម្នាក់ៗ ទទួលបាន១ម៉ឺនរៀលផងដែរ។ រួចក្រុមការងារបន្ត ទៅពិនិត្យមើលការសាងសង់ទីស្នាក់ការបក្សឃុំថ្មីផងដែរ៕