(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការិនី កែ ឡេង ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី ដោយដណ្តើមបានមេដាយមាស កម្រិតជើងឯក ពិភពលោកលើវិញ្ញាសា វាយយកពិន្ទុឯកត្តជននារី នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមរយៈទំព័រ Facebook ផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការិនី កែ ឡេង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីទៀតហើយ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយដណ្តើមបានមេដាយមាស កម្រិតជើងឯក ពិភពលោកលើវិញ្ញាសា វាយយកពិន្ទុឯកត្តជននារី ក្នុងការប្រកួតជ្រើសរើសជើងឯក កីឡាប៉េតង់ ស្រ្តីពិភពលោក នៅទីក្រុង Kaihua ប្រទេសចិន ដែលមានប្រទេសចូលរួមចំនួន៤៣ប្រទេស និងទទួលបានមេដាយសំរឹទ្ធចំនួន១ ក្នុងការប្រកួតវិញ្ញាសាវាយជាក្រុមនារី៣នាក់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាលើកទី៣ ហើយក្នុងការដណ្តើមបានមេដាយមាស ពិភពលោករបស់វិរៈកីឡាការិនី កែ ឡេង គឺនៅឆ្នាំ២០១៣, ២០១៥ និង២០១៧នេះ»។
សូមជម្រាបថា វីរកីឡាការិនី កែ ឡេង បានបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ជូនប្រទេសជាតិកម្ពុជាទៀតហើយ ដោយលោកស្រីធ្វើបានសម្រេច ក្នុងការការពារមេដាយមាស ពិភពលោកជាលើកទី២ ក្រោយផ្ដួលកីឡាការិនីថៃ ដោយលទ្ធផល ៤៣-៣៨ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ នៅប្រទេសចិន ។ នេះបើតាមការឲ្យដឹងពីលោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
នេះគឺជាមេដាយមាសពិភពលោកលើកទី៣ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបាន ៣លើកជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុនារី មានន័យថា លោកស្រីសម្រេចបំណងការពារមេដាយមាសពិភពលោកខ្លួនជាលើកទី២ ខណៈ២លើកកន្លងមក គឺដណ្ដើមបានកាលឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ៕