(កំពង់ធំ)៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី ស៊ីយូអេស ២០១៧ របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយកសាខាសាកលវិទ្យាល័យ CUS ខេត្តកំពង់ធំ បានលើកឡើងថា មកដល់ពេលនេះ CUS បណ្តុះបណ្តាលនិសិត្សបាន៦ជំនាន់ មាននិសិត្សសរុបចំនួន ៣០,០០០នាក់ ដែលសិក្សាតាមមហាវិទ្យាល័យធំៗចំនួន៥។
សន្និសីទសារព័ត៌មានខាងលើនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់អនាគតភ្លឺស្វាង» ក្រោមអធិបតីភាពលោក ស្តើង សុខុម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUS និងមានការចូលរួមពីលោក មាស បូរ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ លោក កែវ ជា ទីប្រឹក្សាអាជ្ញាធរសវនកម្មជាតិ និងលោក សឿ យ៉ាន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ CUS។
លោក ណេន ចិន្តា នាយកសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ បានលើកឡើងថា សាកលវិទ្យល័យឯកទេសនៃកម្ពុជាមាន ៨សាខា ទូទាំងប្រទេស ក្នុងនោះសាកលវិទ្យាល័យបណ្តុះបណ្តាលនិសិត្សបាន ៦ជំនាន់ មាននិសិត្សសរុបចំនួន ៣០,០០០នាក់ ដែលត្រូវបានបណ្តុះទៅលើមហាវិទ្យាល័យចំនួន៥ រួមមាន៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងនីតិសាស្រ្ត មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា និងមហាវិទ្យាល័យវិស្វករ និងសំណង់ស៊ីវិល។
លើសពីនេះទៅទៀត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពង់ធំ បានដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលនិសិត្ស ក្នុងការពេញនៃនូវចំណេះជំនាញ ស្រមតាមតម្រូវការការងារក្នុងសង្គមផងដែរ។
លោក ស្តើង សុខុម បានលើកឡើងថា មាគ៌ាដែលធ្វើឲ្យយើងឆ្ពោះទៅកាន់អនាគតភ្លឺស្វាងទៅបាន លុះត្រាតែក្មួយទាំងអស់គ្នាមានការសម្រេចចិត្ត និងជ្រើសរើសដ៏ត្រឹមត្រូវ ហើយជម្រើសដ៏ល្អនោះ គឺការសិក្សា។
ការសិក្សាមុខជំនាញ ឬឯកទេសមួយ ដែលអាចទទួលបានជោគជ័យទៅបាន លុះត្រាតែក្មួយសម្រេចនូវលក្ខខណ្ឌមួយចំនួន ដូចជាចំណេះដឹង មានន័យមានការជ្រើសរើសមុខវិជ្ជា និងជំនាញបានត្រឹមត្រូវទៅតាមតម្រូវការរបស់សង្គម និងការងារ ការគ្រប់គងពេលវេលាបានត្រឹមត្រូវតាមកាលៈទេសៈការងារ ការអភិវឌ្ឍខ្លួន និងមានទំនាក់ទងល្អ គឺជាមូលដ្ឋានដែលធ្វើឲ្យយើងឈានទៅរកភាពជោគជ័យ នៅក្នុងសង្គមការងារ។
មួយវិញទៀត ការសម្រេចចិត្តជ្រើរើសគ្រឹះស្ថានសិក្សាក៏មានសារសំខាន់ណាស់ មុននឹងសម្រេចចិត្តសិក្សាគឺត្រូវមានការធ្វើការពិចារណាចំណុចមួយចំនួន ដូចជា ការផ្តល់ច្បាប់អនុញ្ញាត រយៈពេលកកើត និងប្រជាប្រិយរបស់គ្រឹះស្ថានសិក្សា ការវាយតម្លៃរបស់គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា តម្លៃសិក្សា និងរយៈពេល ព្រមទាំងកម្មវិធីសិក្សាផងដែរ ដូច្នេះហើយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺជាសាកលវិទ្យាល័យមួយដែលមានច្បាប់អនុញ្ញាត បានការទទួលស្គាល់គុណភាពពីគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ជាពិសេសសាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយគ្រឹះស្ថានរហូតទៅដល់ជាង ៥០០ស្ថាប័ន ក្នុងប្រទេស ដែលមានធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ក្នុងការជួយរកការងារឲ្យនិស្សិតធ្វើ លើសពីនេះទៅទៀត សាលាក៏ទាក់ទំនងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមទៅសិក្សានៅក្រៅប្រទេសផងដែរ៕