(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងខែមករាឆ្នាំ២០១៨ ខាងមុខនេះ ជប៉ុនគ្រោងនឹងបើកស្ថានកុងស៊ុល របស់ខ្លួនប្រចាំនៅសៀមរាប សំដៅពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន។
លោក ថោង ខុន ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកពិព័រណ៌ទេចរណ៍ជប៉ុនលើកដំបូង នៅថ្ងែទី១១វិច្ឆិកា ២០១៧នេះ អមជាមួយនឹងការប្រារព្ធខួប១ឆ្នាំនែការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា ដោយមានការអញ្ជីញចូលរួមរបស់លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក SHIRAISHI Takuya អនុប្រធានការិយាល័យ JNTO ប្រចាំទីក្រុង Bangkok រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ នៅផ្សារទំនើបអ៊ីអន ជាន់ផ្ទាល់ដី។
លោក ថោង ខុន បានបន្តថា ជាពិសេសតាមរយៈលទ្ធផលជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសជប៉ុន កាលពីខែសីហាថ្មីៗ កន្លងមកនេះ ជប៉ុនក៏ជាដៃគូវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍និងជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា។ នៅក្នុងឆ្នាំ២០១៦ កន្លងមក វិនិយោគទុនជប៉ុននៅកម្ពុជាបានកើនឡើងដល់ចំនួនជាង ៨០០លានដុល្លារ ហើយជឿជាក់យ៉ាងមុតមាំថាយើងនឹងនៅតែបន្តរួមគ្នា ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសយើងទាំំងពីរ នាពេលអនាគត ប្រកបដោយភាពជឿទុកចិត្តគ្នា។
លោក ថោង ខុន បានបន្តយ៉ាងដូច្នេះថា ភាពរីករាយដែលបាន និងកំពុងកើតមាននាឱកាសព្រឹត្តិការណ៍ពិព័រណ៍ដ៏សោមនស្សរីករាយនាពេលនេះ គឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផល ដទៃទៀតដែលកើតចេញពីសុខសន្តិភាពពេញលេញ បានមកពីនយោបាយ «ឈ្នះ ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។សន្តិភាពជាឬសកែវនៃការអភិវឌ្ឍរីកចំរើនហើយនេះជាសក្ខីភាពមួយដែលមិនអាចប្រកែកបាន។
លោកបន្តថា ជាក់ស្តែង ក្រោមម្លប់នៃសន្តិភាព វិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិត្រូវបាន រាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ហើយបាននឹងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំរួមចំណែក ប្រមាណ១២% នៃផលិតផលក្នុងស្រុក សរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិប ម៉ឺននាក់ទៀត។ នៅឆ្នាំ២០១៦កម្ពុជាទទួលបានទេសចរ អន្តរជាតិ ជាង៥លាននាក់ ក្នុងកំណើន៥% ក្នុងនោះទេសចរជប៉ុន មកកម្ពុជាមានចំនួនជាង១៩ម៉ឺននាក់ និងមានទេសចរកម្ពុជាទៅកាន់ជប៉ុនប្រមាណ ១២០០០នាក់ផងដែរ។
លោក ថោងខុន បានបន្ថែមទៀតថា សម្រាប់រយៈពេល ៩ខែដើម ឆ្នាំ២០១៧នេះ យើងទទួលបានទេសចរអន្តរជាតិជាង៣.៩លាននាក់ ក្នុងកំណើន ១១.៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង១៤ម៉ឺន ៦ពាន់នាក់ ក្នុងកំណើន ៦.៨% និង ចំនួនទេសចរកម្ពុជាទៅកសន់ជប៉ុនក៏មានការកើនឡើងផងដែរ។តាមការព្យាករណ៍កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណ៥.៦លាននាក់ នៅឆ្នាំ២០១៧នេះ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ ហើយសង្ឃឹមថាយើងនឹងរួមគ្នាទាក់ទាញភ្ញៀវទេសចរជប៉ុន ឲ្យបានប្រមាណ៣០ម៉ឺននាក់ នៅឆ្នាំ២០២០ ក្នុងកំនើន២ខ្ទង់។
លោក ថោង ខុន បានបញ្ជាក់ថា កំណើនដ៏ល្អនៃការមកដល់របស់ទេសចរអន្តរជាតិ ពិសេសកំណើននៃទេសចរជប៉ុនមកទស្សនាកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនការតភ្ជាប់ និងការសម្រួលការធ្វើដំណើររវាងប្រទេសយើងទាំងពីរនោះទេ។ ពិសេសការរួមចំណែក របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ដែលបសនធ្វការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ជាង ១ឆ្នាំកន្លងមកនេះ។ជាការពិតយើងទទួលបាន សមិទ្ធផលទេសចរណ៍គួរជាទីមោទនៈនាពេលនេះ ក៏អាស្រ័យលើការអនុវត្តគោលនយោបាយ បើកចំហជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា ការបើកច្រកព្រំដែនអន្តរជាតិ កាន់តែទូលំទូលាយជាមួយបណ្តាប្រទេសជិតខាង និងកិច្ចប្រឹងប្រែងរបស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញ វិស័យទេសចរណ៍កម្ពុជា៕