(កណ្តាល)៖ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជា ជាមួយគ្រួសារបក្ស សកម្មជនបក្ស និងប្រជាការពារសរុបប្រមាណ៤៦៩នាក់ ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះធំ បានលើកឡើងពីសភាពនយោបាយថ្មី ដែលកំពុងវិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា និងបានថ្លែងថា ប្រទេសកម្ពុជា ជាតិកម្ពុជា គឺមានតែពលរដ្ឋកម្ពុជានោះទេ ដែលស្រឡាញ់ គ្មានជាតិសាសន៍ដទៃស្រឡាញ់កម្ពុជា ជាងពលរដ្ឋកម្ពុជានោះឡើយ។
នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនរយនាក់នោះ លោកទេសរដ្ឋមន្រ្តី បានរំលឹកពីទុក្ខវេទនារបស់ពលរដ្ឋកម្ពុជា ក៏ដូចជាភាពខ្ទេចខ្ទំរបស់កម្ពុជាទាំងមូលដោយសារភ្លើងសង្រ្គាមកាលពីអតីតកាល។ លោកទេសរដ្ឋមន្រ្តី ក៏បានលើកបង្ហាញពីគុណតម្លៃនៃសុខសន្តិភាពដែលកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា សុខសន្តិភាពជាកត្តាដ៏សំខាន់បំផុតក្នុងការស្វែងរកទីផ្សារនាំចេញកសិផល ទាក់ទាញការវិនិយោពីបរទេស ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងទាក់ទាញទេសចរណ៍បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ ក៏ដូចចំណូលជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ។
ក្នុងន័យនេះលោកទេសរដ្ឋមន្រ្តីបានក្រើនរំលឹកប្រជាពលរដ្ឋក្នុងស្រុកកោះធំឲ្យចេះស្រឡាញសុខសន្តិភាព និងរួមគ្នាការពារសុខសន្តិភាព ដោយមិនត្រូវជឿលើការញុះញង់របស់គណៈបក្សប្រឆាំងក្នុងការបង្កចលនាចល ក្នុងប្រទេសក្រោមការបង្គាប់បញ្ជារបស់បរទេសដូចនៅបណ្តាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ានោះឡើយ។
«បងប្អូនសុទ្ធតែដឹងហើយថា ព្រោះតែការផ្លាស់ប្តូររបបវាបានធ្វើឲ្យកម្ពុជាយើងរងទុក្ខវេទនា ប្រជាពលរដ្ឋព្រាត់ប្រាស់គ្នា ប្រជាជាតិជួបភ្លើងសង្រ្គាមស្ទើរតែខ្ទេចខ្ទី។ បច្ចុប្បន្នយើងបានសុខសន្តិភាព យើងមានឱកាសអភិវឌ្ឍន៍ប្រទេសយើងឲ្យរីកចម្រើន ដូច្នេះយើងត្រូវរួមគ្នាថែរក្សាស្រុកទេសរបស់យើង។ យើងត្រូវចាំថា គ្មានជាតិសាសន៍ដទៃណាមួយ មកស្រឡាញ់ជាតិសាសន៍យើង ស្រឡាញ់ប្រទេសយើង ជាងយើងជាពលរដ្ឋខ្មែរនោះ»។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែម។
លោក ស៊ុន ចាន់ថុល បន្តថា «បងប្អូនកុំជឿតាមការញុះញង់របស់គណបក្សប្រឆាំង ដែលធ្វើតាមការបង្គាប់បញ្ជារបស់បរទេស ដែលមានចេតនាចង់ធ្វើឲ្យខ្មែរយើងធ្លាក់ទៅក្នុងភ្លើងសង្រ្គាមដូចអតីតកាលឲ្យសោះ។ យើងត្រូវរួមគ្នាប្រឆាំងឲ្យបានជាដាច់ខាតចំពោះមហិច្ឆតាអាក្រក់ទាំងឡាយរបស់បក្សប្រឆាំង»។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់បៀវត្សិ៍ ការផ្តល់សេវាសាធារណៈ ការបង់បេឡាជាតិរបបសន្តិសុខសង្គមជូនកម្មករកម្មការនី ដើម្បីជួយសម្រួលដល់ ជីវិភាពរស់នៅពួកគាត់ឱ្យតែកាន់តែប្រសើរឡើង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានក្រើនរំលឹក និងជំរុញឲ្យសមាជិកសមាជិកាទាំងអស់ប្តេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានសុខសន្តិភាព មានផ្លូវបេតុង មានជីវភាពរស់នៅសមស្រប ការផ្តល់សេវាល្អ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់គ្រាន់ ដែលនេះជាឱកាសដ៏សំខាន់បំផុតសម្រាប់សង្គមជាតិ ក៏ដូចជាខ្លួនឯង៕