(ហ្វីលីពីន)៖ បន្ទាប់ពីបានចាកចេញពីទីក្រុងដាណាង ប្រទេសវៀតណាមនៅវេលាម៉ោង ១០៖១៥នាទី យន្តហោះពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិក្លាស ខេត្តប៉ាប៉ាងហ្គា ប្រទេសហ្វីលីពីន នៅម៉ោង ១១៖៥០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាម២០១៧ (ម៉ោងនៅហ្វីលីពីន ដែលដើរលឿនជាងកម្ពុជា ១ម៉ោង)។ នេះបើយោងតាមការបញ្ជាក់របស់លោក អនឃួន សំអូន អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា។
លោក សំអូន បានឲ្យដឹងថា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក ឌែលហ្វីន ល័ររ៉េនហ្សាណា រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោកស្រី ក្លូរីយ៉ា អារ៉ូយ៉ូ អតីតប្រធានាធិបតីហ្វីលីពីន និងជាសមាជិកសភាហ្វីលីពីន ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី ទូត បញ្ញា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំហ្វីលីពីន ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីន ថ្នាក់ដឹកនាំខេត្តប៉ាំប៉ាងហ្គា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីនជាច្រើនរូបទៀត។
សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញស្នាក់នៅទីក្រុងក្លាក ខេត្តប៉ាំប៉ាងហ្គា មួយយប់ ដើម្បីអញ្ជើញទស្សនកិច្ចផែរួចពន្ធ និងទស្សនកិច្ចរោងចក្រផលិតតុក្កតារូបសត្វ និងអញ្ជើញទស្សនាទីលានវាយកូនហ្គោលមុននឹង អញ្ជើញធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីល ដែលនិងចាប់ផ្តើមចាប់ផ្តើមពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា៕