(សៀមរាប)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសួរសុខទុក្ខ និងនាំថវិកាប្រគល់ជូន ក្រុមការងារស្ថានីយទូរទស្សន៍ CNC ទាំង៣នាក់ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែល​ជួបឧបទ្ទរវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅឯព្រំប្រទល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងស្រុកវ៉ារិន ខេត្តសៀមរាប  ក្នុងពេលបំពេញបេសកកម្មទៅយកព័ត៌មាន ស្តីពីការស្វែងរកគ្រួសារ នៅខេត្តឧត្តរមានជ័យ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ។

លោកស្រី គួយ ណាលីន បាន​នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ប្រធានគណៈកម្មាធិការសាខា លោក ឃឹម ប៊ុនសុង ​សូមឲ្យឆាប់បានជាសះស្បើយ ដើម្បីបានបម្រើការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងក្រុមគ្រួសារដែលបានបែកបាក់បាត់ដំណឹងគ្នាជាយូរ អាចជួបជុំគ្រួសារគាត់វិញ។​

សូមជម្រាបថា ក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC ចំនួនបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅចន្លោះគីឡូម៉ែត្រលេខ៣៧១ ក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ​ពេលកំពុងធ្វើដំណើរទៅយកព័ត៌មានតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់ទូរទស្សន៍ CNC បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ មានបុគ្គលរបស់លោក៣នាក់រងរបួស រួមមាន៖ លោក ថាំង ចាន់ថារ៉ាន់ អ្នកអធិប្បាយព័ត៌មាន រងរបួសធ្ងន់, លោក ង៉ាន់ សំណាង រងរបួសធ្ងន់ និងលោក លោក ទេព ពិសិដ្ឋ អ្នកបើកបររងរបួស។

យ៉ាងណាមិញគ្រោះថ្នាក់នេះ ត្រូវបានលោក ហ៊ុយ វណ្ណៈ អះអាងថា បង្កឡើយដោយខ្លួនឯងតែប៉ុណ្ណោះ ពោលគឺពេលកំពុងបើកបរស្រាប់តែរេចង្កួតប្រឡាប់ធ្លាប់ផ្លូវតែម្ដង៕