(ស្ទឹងត្រែង)៖ ក្បួនរថយន្តដឹកឈើប្រភេទសរស និងក្ដារត្រូវបានកម្លាំងអាវុធហត្ថ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សា្ទក់ចាប់បាននៅយប់ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៧ នៅត្រង់ម្ដុំ វត្តទូលរាជាគីឡូ៨ក្បែរ ម៉ៃសាក់ ស្ថិតនៅភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង-ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ក្បួនរថយន្តដឹកសរស និងក្ដារដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាននៅពេលនោះ មានចំនួន៧រថយន្ត និងរថយន្តមួយគ្រឿងទៀត ត្រូវបានក្រុមឈ្មួញបើករត់គេចខ្លនបាត់ បន្ទាប់បានរើឈើទំលាក់រួចហើយនោះ។
សមត្ថកិច្ចដដែលបានបន្ថែមថា ក្នុងឡានដឹកសរស និងក្ដារនេះជាប្រភេទឈើលេខ២ មានឈើសុក្រម ផ្ចឹកហើយក្នុង១រថយន្ត ផ្ទុកសរសពីរ២៥ ដើមទៅ២៧ដើម។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្បួនរថយន្តដឹកសរសខាងលើនេះ បានបង្កការភិតភ័យដល់ប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លួវដោយសារតែ រថយន្តទាំងអស់នេះបើកបរក្នុងល្បឿនយ៉ាងលឿន ដែលហេតុបង្កមានការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
បច្ចុប្បន្នទាំងរថយន្ត និងឈើត្រូវបានសមត្ថកិច្ច អូសយកមករក្សារទុកនៅបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ដើម្បីរៀបចំកណត់ហេតុ បញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ចាត់ការបន្តទៅតាមច្បាប់ស្ដីពីព្រៃឈើ៕