(រតនគិរី)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងបរិវេណពហុកីឡាដ្ឋានខេត្តបានរៀបចំពិធីដាំកូនឈើមិត្តភាពរវាងខេត្តរតនគិរី និងខេត្តព្រះវិហារ ក្រោមវត្តមានលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាព, ក្រុមកាយរិទ្ធ, ក្រុមកាកបាទក្រហម, ក្រុម ស ស យ ក ជាង២០០នាក់ផងដែរ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បានប្រាប់ឲ្យដឹងថា កូនឈើនាំមកដាំព្រឹកនេះមាន២ប្រភេទ គឺកូនគគីរ៦០ដើម និងឈើធ្នង់៥០ដើម។

ថ្លែងក្នុងពិធីដាំកូនឈើមិត្តភាពខាងលើនេះលោក ថង សាវុន បានលើកឡើងថា ដើម្បីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា កន្លងទៅថ្មីៗ និងរឹតចំណងចងសម្ព័ន្ធភាពរវាងខេត្តទាំង២ ដែលកាលពីជំនាន់ទស្សវត្ស៨0 (ឪពុកលោកទាំង២ក៏ធ្លាប់ជាមេដឹកនាំ, មានប្រវត្តិតស៊ូរំដោះប្រទេសជាតិ) ដូច្នេះពួកគាត់ជំនាន់ក្រោយបន្តប្រពៃណីខាងលើបន្តទៀត។

លោក ថង សាវុន បានបន្តថា អនាគតកន្លែងដាំកូនឈើនេះ នឹងប្រែក្លាយជាកន្លែងទេសចរ សួនមិត្តភាព (រតនគិរី-ព្រះវិហារ)។ ជាងនេះទៅទៀត ការដាំកូនឈើនេះដើម្បីចូលរួមក្នុងការកែលំអរទីក្រុង ឲ្យមានសោភ័ណ្ឌភាព, ទេសភាពបៃតងទុកជាកេរ្តិ៍ដំណែលកូនចៅជំនាន់ក្រោយ។

លើកឡើងក្នុងពិធីដាំកូនឈើខាងលើនេះដែរ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំទទួលគណៈប្រតិភូរបស់លោកដែលបាននាំឈើធ្នង់ចំនួន៥០ដើម មកដាំក្នុងបរិវេណក្នុងពហុកីឡាដ្ឋានខេត្តរតនគិរី ដើម្បីរឹតចំណងសម្ព័ន្ធភាពរវាងខេត្តទាំង២ ដែលមានប្រវត្តិតាំងពីអតីតកាលរក្សាបាននូវតម្លៃដែលឪពុកលោកទាំង២ ធ្លាប់ជាមេដឹកនាំជំនាន់មុន(ទស្សវត្ស៨០)។

ដើម្បីជាសក្ខីភាពក្នុងពីធីដាំកូនឈើលោកអភិបាលខេត្តទាំង២ បានដាំកូនឈើ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕