(ស្វាយវៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ ដែលបណ្តាលមកពីរថយន្ត Camary បើកបរល្បឿនលឿន បុកគូទរថយន្តស្ទួចកុងតឺន័រ បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់-ស្រាល៤នាក់ សន្លប់រណូករណែលពេញផ្លូវ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១៖១០នាទី រំលងធាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រ ១៦១/១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីនគរបាលក្រុងបាវិត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិចដោយរថយន្ត មួយគ្រឿងម៉ាក Camary (ហើម) ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A-7153 បើកបរដោយឈ្មោះ ថៃ សារ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តកុងទឺន័រមាន ទីលំនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើកក្នុងល្បឿនលឿន មកបុកជាមួយរថយន្តស្ទួចកុងតឺន័រ បណ្តាលឲ្យអ្នកបើកបរ Camary ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ៤នាក់ រងរបួសធ្ងន់-ស្រាល ដេករណូករណែលពេញផ្លូវ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះដែលជាអ្នករួមដំណើរ ជាមួយរថយន្ត Camary រួមមាន ទី១៖ ឈ្មោះ សុខា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខបរមេការ មានទីលំនៅភូមិស្នែ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង (បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ) ទី២៖ ឈ្មោះ សេក ខុនឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រស់នៅភូមិ៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (បណ្តាលឲ្យស្លាប់នៅមន្ទីរស្វាយរៀង)។

ប្រភពបន្ដថា ទី៣៖ ឈ្មោះ ហូរ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ (បណ្តាលឲ្យរងរបួសធ្ងន់) ទី៤៖ ឈ្មោះ កន បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិត្រពាំងស្វាយ ឃុំស្កាកោង ស្រុកបាភ្នំ ខេត្តព្រៃវែង (បណ្តលឲ្យរងរបួសធ្ងន់) និង២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ (របួសធ្ងន់)។

រីឯអ្នកបើកបរ (រថយន្តស្ទួច) របស់ក្រុមហ៊ុន «សូ ងួន» បើកបរដោយឈ្មោះ ខេន ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្តស្ទួច មានទីលំនៅភូមិភ្នំប្រុស ឃុំភ្នំប្រុស ស្រុកជើង ព្រៃខេត្តកំពង់ចាម (គ្មានរបួស)។ បច្ចុប្បន្ន ជនរងរបួសធ្ងន់បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង បណ្ដាលមកពីអ្នកបើកបររថយន្ត Camary ប្រើប្រាស់ល្បឿនលឿន។ បច្ចុប្បន្ន វត្ថុតាងទាំង២ គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធីច្បាប់៕