(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្កទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងកម្រិតជីវភាព និងកិត្តិយស។ ផ្ទុយទៅវិញគណបក្សប្រឆាំង មិនដែលគិតថា ជាកម្លាំងរបស់ជាតិទេ គេគិតថា កម្លាំងប្រដាប់អាវុធជាកម្លាំងបម្រើបក្សពេលបងប្អូនបម្រើជាតិ។ ការតម្លើងប្រាក់បៀវត្ស ការផ្តល់គោលរបបផ្សេងៗ ការផ្តល់ដីសម្បទានសង្គមកិច្ច ដល់អតីតយុទ្ធជន គឺដើម្បីធ្វើឲ្យជីវភាពរបស់កងទ័ពមានលក្ខណៈល្អប្រសើរ ដែលនេះគឺជាខិតខំរបស់រាជរដ្ឋាភិបាលមិនមែន ដោយសារតែគណបក្សប្រឆាំងនោះទេ ព្រោះគណបក្សប្រឆាំងបានបោះឆ្នោតប្រឆាំង នឹងការតម្លើងថវិកាក្រសួងការពារជាតិ ដើម្បីតម្លើងប្រាក់បៀវត្សជូនដល់កងកម្លាំងប្រដាប់អាវុធ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី២៣ បិទវគ្គបំប៉នជំនាញបើក ជួសជុលអូប៊័រ និងរបៀបសង្គ្រោះជំនាន់ទី២ នៅកងពលតូចទ័ពពិសេសឆត្រយោង៩១១ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណកម្លាំងប្រដាប់អាវុធ ដែលមានជំហរច្បាស់លាស់ ការប្តេជ្ញាចិត្ត នៅក្នុងការគោរព និងការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ដែលទាំងអស់នេះ គឺដើម្បីការពារសុខសន្តិភាព និងប្រជាជន ហើយការការពារនេះមិនមែនសម្រាប់តែរដ្ឋាភិបាលនោះទេ គឺការពារសម្រាប់យើងទាំងអស់គ្នា។
លោកបានផ្តាំផ្ញើការសួសុខទុក្ខររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំរបស់ក្រសួងការពារជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងគ្រួសារកងទ័ពទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដណ្តើមស្នាដៃលើកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ។ សូមសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហានដែលបានចូលរួមបំពេញភារកិច្ច និងចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី កិច្ចការពារសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើង។
មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា «ក្នុងកាលៈទេសៈសុខសន្តិភាពអង្គភាពទ័ព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងដល់កងយោធពលខេមរភូមិន្ទ ទីមួយគឺពង្រឹងខ្លួនឯង និងធ្វើជាអង្គភាពទ័ពមួយមានការទទួលខុសត្រូវ និងមានសមត្ថភាពខ្ពស់ព្រោះកងទ័ពហ្វឹកហ្វឺន ជាប់ជាប្រចាំគឺជាគោលដៅសំខាន់របស់កងយោធពលខេមរភូមិន្ទ គឺហ្វឹកហ្វឺនដើម្បីយកភាពជោគជ័យ ជូនជាតិ។ ពាក្យសន្តិភាព គឺជាពាក្យតែមួយម៉ាត់ដែលមានអត្ថន័យណាស់ អ្នកដែលមិនធ្លាប់ឆ្លងកាត់សង្គា្រមប្រហែលជាភ្លេច និងមិនទាន់យល់ពីន័យនៃសុខសន្តិភាពនោះទេ ប៉ុន្តែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមពិតជាយល់ច្បាស់ ពីតម្លៃនៃសុខសន្តិភាព។ ដើម្បីយល់ន័យពីសង្រ្គាម ពីសុខសន្តិភាពគឺយកល្អមើលថា តើសង្គ្រាមបានផ្តល់ផលលំបាកអ្វីខ្លះ ធ្វើឱ្យប៉ះពាល់អាយុជីវិត ប៉ះពាល់ដល់គ្រួសារយើងយ៉ាងម៉េច? តើគ្រួសារយោធិនពលីរងការលំបាកយ៉ាងម៉េច? ប្រជាពលរដ្ឋ និងនាយទាហានដែលបានស្លាប់និងពលីជីវិតយ៉ាងម៉េច? បើយើងយល់ពីឥទ្ធិពលអាក្រក់ពីសង្គា្រម បានយើងយល់ពីតម្លៃនៃសុខសន្តិភាព។ សុខសន្តិភាពមិនបានធ្វើឱ្យមនុស្សក្លាយខ្លួនជាជនពិការ មិនឱ្យខ្មែរសម្លាប់ខ្មែរ មិនឱ្យកូនក្លាយជាកូនកំព្រា មិនឱ្យម្តាយក្លាយជាស្ត្រីមេម៉ាយ»។
លោកបន្តថា កងទ័ពមិនខ្លាចប្រយុទ្ធទេ ប៉ុន្តែប្រយុទ្ធត្រូវមានបុព្វហេតុច្បាស់លាស់ ដើម្បីការពារទឹកដីរបស់យើង ដើម្បីការពារសុខសន្តិភាពមិនឱ្យយើងត្រឡប់ទៅឱកាសដើមវិញគឺធ្វើឱ្យខ្មែររួបរួមគ្នា មិនឱ្យខ្មែរបែកបាក់ មិនឱ្យកូនចៅយើងព្រាត់ប្រាស់ ការពារសុខសន្តិភាព ការពារបូរណភាពទឹកដី ព្រោះថាបើខ្មែរបែកបាក់គេមើលងាយហើយ ព្រោះគ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ ហើយកុំគិតថាបរទេសមកពីលោកខាងលិចសុទ្ធតែល្អទាំងអស់នោះ។ អ្នកនយោបាយមួយចំនួន ដើម្បីតែអំណាច ផលប្រយោជន៍នយោបាយបានខិតខំបំផុសបំផុល មហាជនឱ្យធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល។ សួរដើម្បីអ្វី? គឺមិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ គឺដើម្បីអំណាចផ្ទាល់ខ្លួន ដើម្បីចចារយកកូតាសភា ដែលមហិច្ចតានេះខ្លួនមានផែនការ២០ឆ្នាំហើយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមរបៀបប្រទេសយូហ្គោស្លវី គឺស្រដៀងនឹងឆ្នាំ៧០ដែលបោះឆ្នោតមិនឈ្នះព្រះករុណានរោត្តមព្រះសីហនុគឺបានទៅពឹងសហរដ្ឋអាមេរិចទម្លាក់ព្រះកុរណាតាមរូបភាពរដ្ឋប្រហារ។ អ្នកនយោបាយនោះបានប្រើយុទ្ធសាស្រ្តធ្វើឱ្យបងប្អូនកងកម្លាំងប្រដាប់អាវុធបោះឱ្យគេ ទម្លាក់រដ្ឋាភិបាល ដែលគោលដៅរបស់គេគឺឱ្យបងប្អូនភ្លេចអស់នូវគោលដៅធំគឺសុខសន្តិភាព ដោយគេមិនបានគិតពីសុខសន្តិភាពនោះទេព្រោះគេមិនបានចូលរួមធ្វើនោះទេ។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា «យើងមានមោទនភាពដែលមហាជន យុវជន គ្រួសារយុវជន បានចាប់អារម្មណ៍គាំទ្រ ចូលរួមផ្សព្វផ្សាយបម្រើកងទ័ពនិងអោយតម្លៃដល់កងទ័ពក្នុងការបម្រើជាតិ ដែលយើងចង់ឱ្យក្រសែភ្នែករបស់មហាជន ផ្តល់តម្លៃដល់កងទ័ពដែលលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ វាជាការទទួលត្រូវចំពោះជីវិតមនុស្ស។ សូមឱ្យយកអស់ស្មារតី គោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ញតិ សារាចរណែនាំ លក្ខន្តិកៈ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ខ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ជាកម្លាំងពិតរបស់ប្រជាជាតិ ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជន។ ត្រូវបន្តយកចិត្តទុកដាក់ បំពេញការងារ បង្កើនស្មារតីមនសិការស្នេហារជាតិ ការពារជាតិនិបចូលរួមអភិវឌ្ឍជាតិឱ្យមាការរីកចម្រើន។ បន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្សប្រកបដោយបរិមាណនិងគុណភាព សមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតប និងកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងការងារផ្សេងជាច្រើនទៀត»៕