(ស្វាយរៀង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ស៊ីម៉ាក់បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន បន្តចុះធ្វើការស្រាវជ្រាវ ស្វែងរកទីតាំងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិកនៅក្នុងភូមិឋាន នៃឃុំមួយចំនួនទៀត ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
លោក ហេង រតនា បានបញ្ជាក់ទៀតថា ការបន្តចាប់ផ្តើមស្រាវជ្រាវស្វែងរកទីតាំងគ្រាប់បែក បានចាប់ផ្តើមចំនួន២ថ្ងៃមកហើយ។ ខណៈឃុំចំនួន២ រួមមាន ឃុំគគីរ និងឃុំអំពិល មន្ត្រីជំនាញបានស្រាវជ្រាវចប់ និងរកឃើញទីតាំងគ្រាប់បែកចំនួន១៥ទីតាំងថ្មី។
លោកបញ្ជាក់ទៀតថា ចំពោះការបោសសម្អាតគ្រាប់បែកគីមី មិនទាន់បន្តបើកប្រតិបត្តិការនោះឡើយ បន្ទាប់ពីដោះបានមួយគ្រាប់ នៅបរិវេណបឋមសិក្សាគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីខែតុលា ឆ្នាំ២០១៧។
ដោយឡែកសមា្រប់ប្រជាពលរដ្ឋ ដែលស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលសង្ស័យថា រងគ្រោះដោយសារធាតុគីមី គ្រាប់បែករបស់អាមេរិកមាន៩៥នាក់ ដែលក្នុងនោះមាន៩២នាក់ បានទៅទទួលយកការព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ខណៈកុមារ៣នាក់ផ្សេងទៀត ត្រូវបានយកទៅព្យាបាលនៅរាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
បើតាមការបញ្ជាក់ របស់ប្រធានមន្ទីរសុខាភិបាលរូបនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ដែលទទួលការព្យាបាល គឺភាគច្រើនមានបញ្ហារមាស់លើខ្លួនប្រាណ អ្នកខ្លះរមាស់ស្បែក ដូចមនុស្សឃ្លង់។
បន្ទាប់ពីធ្វើតេស្តលើសារធាតុគីមី ក្នុងគ្រាប់បែកគីមីដែលដោះបាន អាជ្ញាធរអាវុធគីមី បានរកឃើញថា សារធាតុគីមីនោះជាប្រភេទ Nitrogen Mustard ហៅម្យ៉ាងទៀតថា Blister agents ដែលបង្កទុក្ខទោសយ៉ាងខ្លាំង ដល់សុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម ផ្ទុយនឹងការលើលឡើងរបស់ស្ថានទូតរបស់សហរដ្ឋអាមេរិក ដែលនិយាយថា គ្រាប់បែកនោះ គឺជាឧស្ម័នបង្ហូរទឹកភ្នែក។
អ្វីដែលសោកស្តាយថែមទៀតនោះ នៅពេលថ្មីៗនេះស្ថានទូតអាមេរិក តាមរយៈអង្គការរបស់ខ្លួន ធ្វើការងារក្នុងសកម្មភាពបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលទម្លាក់ដោយអាមេរិក បញ្ជាក់ពីគ្រោងនឹងផ្តាច់ជំនួយដល់ស៊ីម៉ាក់ ដែលមានចំនួនប្រមាណ២.៥លានដុល្លារក្នុង១ឆ្នាំៗ ចាប់ពីដើមឆ្នាំ២០១៨តទៅ។ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាល សម្តែងការខកចិត្ត ដែលទង្វើនេះ បង្ហាញពីភាពមិនទទួលខុសត្រូវ ចំពោះទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ដែលសម្លាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា បើទោះជាគ្មានជំនួយរបស់អាមេរិក ក៏រាជរដ្ឋាភិបាល និងដៃគូដទៃទៀតធានាឲ្យស៊ីម៉ាក់បន្តប្រតិបត្តិការ បោសសម្អាតគ្រាប់បែករបស់អាមេរិកដដែល មិនដកថយឡើយ គឺដើម្បីសេចក្តីសុខប្រជាពលរដ្ឋខ្មែរ។
បន្ទាប់ពីប្រតិកម្មខ្លាំងជុំវិញការផ្តាច់ជំនួយនេះ អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក David Josar បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ថា សហរដ្ឋអាមេរិក នៅតែមានការប្តេជ្ញាយ៉ាងមុតមាំ ជាមួយប្រជាជាតិកម្ពុជា ក្នុងការជួយគាំទ្រដល់គោលដៅធ្វើឲ្យកម្ពុជាលែងទទួលរងផលប៉ះពាល់ ពីគ្រាប់មីនតទៅទៀត នៅឆ្នាំ២០២៥ ព្រមទាំងគោលដៅរួមរបស់ខ្លួន ស្តីពីការបោសសម្អាតយុទ្ធភណ្ឌ មិនទាន់ផ្ទុះរបស់អាមេរិក នៅក្នុងប្រទេសនេះផងដែរ។
លោក David Josar បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងប្រើប្រាស់ធនធានសម្រាប់ឆ្នាំ២០១៨ ដើម្បីដំណើរការកម្មវិធីលំដាប់ពិភពលោកមួយ សំដៅបោសសម្អាតគ្រាប់មិនទាន់ផ្ទុះរបស់អាមេរិក នៅតំបន់ភាគខាងកើតកម្ពុជា»។
សូមជម្រាបថា បើតាមអគ្គនាយកស៉ីម៉ាក់ បានឲ្យដឹងថា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាមមានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕