(ភ្នំពេញ)៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំង ផ្ទះជួលស្តុកឈើដ៏ធំមួយកន្លែង នៅ​ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដកហូតរថយន្ដ២គ្រឿងនោះ នៅព្រឹក និងរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរកឃើញឈើជាច្រើនគីឡូក្រាម និងដកហូតរថយន្តចំនួន២គ្រឿង។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានថ្លែងប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យថា ការចុះឆែកឆេរផ្ទះជួលស្តុកឈើខាងលើនេះ ដឹកនាំកម្លាំងដោយលោកលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងមានការចូលរួមពី នាយរងអធិការរដ្ឋបាលព្រៃឈើខាងត្បូងទន្លេសាប លោក ប៊ុនសម្បត្តិ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ  កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងអាវុធហត្ថខណ្ឌ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក ហ៊ឹង ប៊ុនថន។

លោក​ គាំ​ សីហា បានឲ្យដឹងថា ការចុះឆែកឆេរផ្ទះជួលស្ដុកឈើខាងលើ ដកហូតរថយន្ត២គ្រឿង រថយន្ត(Ford)ពាក់ស្លាកលេខភ្នំពេញ 2G-7330មួយគ្រឿង និងរថយន្ត(HiGHLANDER) ពាក់ស្លាកលេខភ្នំពេញ 2D.2338 មួយគ្រឿង និងដកហូតបានឈើប្រណិតចំនួន៤ប្រភេទ រួមមាន៖ ប្រភេទឈើនាងនួន ធ្នង់ គ្រញូង និងម្រះព្រៅ ដែលជាឈើសន្លឹកទទឹង១ម៉ែត្រ បណ្តោយ៣ម៉ែត្រ ៤សន្លឹក និងកូនក្រឡឹង និងគ្រឿងសង្ហារឹមជាច្រើនទៀត។

វត្ថុតាងត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី៕