(កំពង់ចាម)៖ មេឃុំសូទិព្វ ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក កែវ ហុកគ្រី វ័យ៤៨ឆ្នាំ ដែលជាបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ ហើយត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ឲ្យជាប់ជាមេឃុំជាច្រើនអាណត្តិមកនោះ នៅពេលនេះលោកបានអស់ជំនឿទាំងស្រុង ទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ ជាពិសេសលោក កឹម សុខា តែម្ដងដែលក្បត់ជាតិទៅបម្រើបរទេស បានប្រកាសដើរចេញ ហើយមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក កែវ ហុកគ្រី បានសរសេរលិខិតដាក់ជូន លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដោយសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដោយលោកអះអាងថា បក្សកាន់អំណាចក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សនោះ បានធ្វើឲ្យប្រទេសជាតិមានសន្ដិសុខ សុវត្ថិភាព និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ។
តាមរយៈលិខិតដដែលនេះ មេឃុំមកពីគណបក្សសង្គ្រោះជាតិឈ្នះគ្រប់អាណត្តិ ក៏បានលើកហេតុផលពីការដើរចេញ ពីគណបក្សប្រឆាំងក៏ព្រោះតែ លោក កឹម សុខា គឺជាជនក្បត់ជាតិ ហើយចង់ដណ្ដើមអំណាចតាមរយៈការគាំទ្រពីបរទេសនៅពីក្រោយខ្នង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖