Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិត! ករណីឃាតកម្ម អារ-ក ស្រ្តីម្នាក់សម្លាប់ចោលនៅខណ្ឌពោធិ៍សែនជ័យ មូលហេតុមកពីភ្លើងប្រច័ណ្ឌ, អ្នកទាំង២​មិនមែនជាប្ដីប្រពន្ធនឹងគ្នានោះទេ គ្រាន់តែជាស្រីកំណាន់ប៉ុណ្ណោះ

11-11-2017 12:21

(ភ្នំពេញ)៖ ជុំវិញករណីឃាតកម្ម​អារ-ក សម្លាប់ហើយរត់ទៅចងកខ្លួនឯងតាមក្រោយនោះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅក្នុងបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលជំហានដំបូងសមត្ថកិច្ចថាអ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្ដែក្រោយការស្រាវជ្រាវ គឺមិនមែននោះទេ ដោយគ្រាន់តែជាស្រីកំណាន់ប៉ុណ្ណោះ ហើយមូលហេតុវិញដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។

អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលផែនព្រហ្មទណ្ឌ លោក ជា សុវណ្ណ បានប្រាប់អង្គភាព Fresh News បន្ថែមនៅរសៀលថ្ងៃនេះថា ក្រោយការបញ្ជាណែនាំពី លោក យឹម សារ៉ាន អធិការនគរបាលខណ្ឌនោះ កម្លាំងនគរបាលជំនាញបានស្រាវជ្រាវរកឃើញថា ជុំវិញករណីឃាតកម្មនេះ គឺដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ ព្រោះតែស្ដ្រីរងគ្រោះនោះមានទំនាក់ទំនងជាមួយ អ្នកផ្សេង ហើយអ្នកទាំង២នាក់នេះ មិនមែនជាប្ដីប្រពន្ធនឹងគ្នានោះទេ។

លោកអធិការរងបានបញ្ជាក់ថា បុរសជាជនបង្កឈ្មោះ សោម កាន់ ហៅតាខ្លី អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុលពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងស្ដ្រីដែលជាស្រីកំណាន់នោះ ឈ្មោះហៅក្រៅថា ចែ ស អាយុប្រហែល៤០ឆ្នាំ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុន ពេលកើតហេតុម៉ោង០៦៖១០នាទីព្រឹក ឃើញមិត្តភក្តិរបស់ឈ្មោះតាខ្លី បានមកគោះទ្វាបន្ទប់តាខ្លី ហើយគាត់ក៏ស្រែកហៅពីខាងក្រៅ ប៉ុន្តែមិនលឺសំឡេង ឆ្លើយតបហើយគាត់ក៏ស្រែកហៅដដែលៗ នៅតែមិនលឺឆ្លើយតប ក៏ផ្អើលដល់អ្នកជិតខាង ចេញមកមើលដោយមានការសង្ស័យ ក៏ធាក់ទ្វាបន្ទប់មើលក៏ឃើញ មានឈាមនៅខាងក្រោមគ្រែ និងឃើញស្រ្តីរងគ្រោះជាប្រពន្ធស្លាប់​នៅលើគ្រែ ហើយបុរសនោះ​បានចងកស្លាប់ក្បែរគ្រែនោះដែរ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕