(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស សរុប៣៤០នាក់ រៀបចំវេទិកាស្តីពីការសម្អាតអនាម័យ តាមសួនច្បារក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោករៀបចំវេទិកានេះ ព្រោះតែកម្ពុជាទើបបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក ឲ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដើរកម្សាន្ដក្នុងរាជធានីភ្នំពេញ ហេតុដូច្នេះហើយតែងតែមានសំរាមផ្សេង ដែលមិនទាន់សំអាតរួចរាល់ ទើបលោកដឹកនាំរៀបចំកម្មវិធីនេះឡើងដើម្បីសំអាត ឲ្យបានស្អាតឡើងវិញ។
លោក ឃ្លាំង ហួត បានបន្ថែមថា បច្ចុប្បន្ននេះខណ្ឌជ្រោយចង្វារ ត្រូវបានគេហៅថាជាទីក្រុងរណបថ្មីមួយ ដែលអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំរៀបចំឲ្យមានសោភ័ណ្ឌយ៉ាងស្អាត ហើយទន្ទឹមនឹងសោភ័ណ្ឌស្អាតហើយនោះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគ្នាសម្អាតបន្ថែមទៀត ដើម្បីសោភ័ណ្ឌរាជធានីភ្នំពេញ៕