(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋានដើម្បីចុះត្រួតពិនិត្យគោលដៅ សិប្បកម្មឈើ ផ្លូវលេខ៩៧, ៩៩, ១០១, ១០៣ និង៤៧៤ កែង១០៥ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកឧត្តមសេនីយឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង លោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានបញ្ជាក់ថា បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៨នាក់ ស្រី០៣នាក់ បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២៨នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងឯកសារចាត់ការបន្ដតាមច្បាប់៕