(ដាណាង, វៀតណាម)៖ នៅវេលាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងដាណាង ប្រទេសវៀតណាម ហើយបន្តដំណើរ ទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពិន ដើម្បីចូលរួមកម្ពុជា កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះនៅប្រទេសហ្វីលីពិន នឹងធ្វើឡើងក្រោមប្រធានបទ «រួមគ្នាជាដៃគូរ ដើម្បីធ្វើការផ្លាស់ប្ដូររួមចំណែក ជាមួយពិភពលោក» ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនានា សម្ដេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយបណ្តាមេដឹនាំ ប្រទេសមួយចំនួន ដូចជានាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល, នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃ ប្រទេសមួយចំនួនទៀតផងដែរ៕