(ក្រចេះ)៖ សមាជិកក្រុមប្រឹក្សាឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ុំ សុខជា អាយុ៤៧ឆ្នាំ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។
បើតាមលិខិតប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «ដោយមូលហេតុបានឃើញពីភាពអសកម្ម និងអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ពិសេសលោក កឹម សុខា បានប្រព្រឹត្តនូវអំពើក្បត់ជាតិចូលដៃជាមួយបរទេស ដើម្បីផ្ដូលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយបង្កើតនូវបង្កើតនូវបដិវត្តន៍ពណ៌ក្នុងប្រទេសកម្ពុជាយើង ធ្វើឲ្យខ្ញុំបាទអស់ជំនឿលើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិតទៅទៀត ទើបរូបខ្ញុំបាទសម្រេចចិត្តចូលមករស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាមហាគ្រួសារដ៏កក់ក្ដៅ និងជាទីពឹងទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖