(ភ្នំពេញ)៖ ក្រោយប្រទេសកម្ពុជាដ៏កំសត់នៃខ្លួនរួចចាកផុតពីភ្នក់ភ្លើងសង្គ្រាម និងជីវិតខ្លួនត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរប្រាថ្នាតែម្យ៉ាង គឺការរស់នៅក្នុងសុខសន្តិភាព ការជួបជុំក្រុមគ្រួសារញាតិមិត្ត និងអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព។
បងប្អូនប្រជាពលរដ្ឋមិនប្រាថ្នារស់ក្នុងសង្គ្រាមដែលជោគជាំដោយឈាម និងទឹកភ្នែកនោះឡើយ។ ហេតុដូច្នេះហើយបានជាពលរដ្ឋខ្មែរឱ្យតម្លៃទៅលើសន្តិភាពយ៉ាងខ្លាំង និងការពារសន្តិភាពប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញចោលដោយបក្សប្រឆាំង ដោយការប្រើប្រាស់នូវបដិវត្តន៍ពណ៌ដែលគាំទ្រទាំងបច្ចេកទេស និងថវិកាដោយអាមេរិក។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្ពុជាទាំងមូលកំពុងប្រារព្ធខួបលើកទី៦៤ នៃទិវាឯករាជ្យជាតិ។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំប្រទេស ព្រះមហាក្សត្រខ្មែរដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយលំបាកនេះ ព្រមទាំងការពារនូវឯករាជភាព និងអធិបតេយ្យភាពជាតិខ្មែរ។ ការហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិត ៣០ឆ្នាំ គឺពិតជាឆ្អែតឆ្អន់សម្រាប់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាទាំងមូលត្រូវបានបំផ្លាញស្ទើរគ្មានសល់ នូវហេដ្ឋរចនាសម្ព័ន្ធគ្រប់បែបយ៉ាង ខឿនសេដ្ឋកិច្ច វប្បធម៌ក៏ត្រូវបានបំផ្លាញ។
ពួកគាត់ពិតជាមិនចង់វិលត្រឡប់ទៅរកអតីតកាល នៃការឈឺចាប់ខ្លោចផ្សារវិញឡើយហើយបំណងដ៏ពិសិដ្ឋរបស់ពួកគាត់គឺរស់នៅក្នុង «សុខសន្តិភាព និងការអភិវឌ្ឍ»។
ទី១៖ សម្រាប់អ្នកដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ បំណងរបស់ពួកគាត់ ពិតប្រាកដ គឺចង់ឱ្យមានការផ្លាស់ប្តូរលើជីវភាព ចង់ឱ្យប្រទេសជាតិកាន់តែល្អប្រសើរបន្ថែមទៀត រួមមានសេវាសាធារណៈ វិស័យ អប់រំ សុខាភិបាលដំណើរការល្អ ជាងពេលបច្ចុប្បន្នបន្ថែមទៀត ព្រោះពួកគាត់ចង់បានភ្លាមៗនូវអ្វីៗដែលខ្លួនចង់បានដោយមិនបានគិតថាត្រូវការធនធាន និងពេលវេលាឡើយ។ ពួកគាត់បានជឿលង់មកលើបក្សសង្គ្រោះជាតិ ដែលបានសន្យាយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ហើយការសន្យាខ្លះមិនមែនជាការពិតអាចធ្វើបានទៅទៀត។ ប៉ុន្តែដើម្បីទាក់ទាញសន្លឹកឆ្នោត ទោះបីជារៀបចំកម្មវិធីនយោបាយបក្សភូតកុហក បោកប្រាស់ និងបំភ័ន្តប្រជាពលរដ្ឋ ក៏បក្សសង្គ្រោះជាតិត្រូវតែធ្វើដែរ។ នៅពេលដែលទទួលបានសំឡេងឆ្នោតពីប្រជាជន ហើយនោះ មេដឹកនាំនៃបក្សប្រឆាំងបែរជាក្បត់ប្រជាជនកម្ពុជា ក្បត់ឆន្ទៈរាស្ត្រដើម្បីអំណាចផ្ទាល់ខ្លួនទៅវិញ។ មេដឹកនាំបក្សសង្គ្រោះជាតិបានឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញឆន្ទៈប្រជាជនកម្ពុជាដែលស្រឡាញ់ និងថែរក្សាសន្តិភាពនិងការអភិវឌ្ឍដែលមានតាមរយៈអនុវត្តផែនការសម្ងាត់ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរបប និងមេដឹកនាំ ស្របច្បាប់បច្ចុប្បន្ន ក្រោមរូបភាពនៃការផ្លាស់ប្តូរជាវិជ្ជមាន និងក្រោមលេសដើម្បីសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្បត់បំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។
ទី២៖ ទោះយ៉ាងណា បំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាត្រូវបានរាជរដ្ឋាភិបាលឆ្លើយតបបន្ថែមទៀតជាបណ្តើរៗ ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ដែលមានរួមមានសម្បទានដីសេដ្ឋកិច្ច ជម្លោះដីធ្លី ប្រាក់ខែមន្ត្រីរាជការ កម្មករកម្មការិនី ការលើកតម្កើងសុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម និងមានដំណោះស្រាយប្រកបដោយភាពជោគជ័យ។ ពលរដ្ឋបានអបអរសាទរចំពោះរាល់ដំណោះស្រាយទាំងនេះ។ ប៉ុន្តែបក្សសង្គ្រោះជាតិដែលបានទទួលការបោះឆ្នោតទុកចិត្តពីប្រជាពលរដ្ឋលំដាប់ទី២ បានក្បត់អ្នកបោះឆ្នោត និងក្បត់ឧត្តមគតិអ្នកបោះឆ្នោត។ ចំណែកការជ្រៀតជ្រែករបស់បរទេមួយចំនួនមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក៏បានក្បត់នឹងស្មារតីរបស់សហគមន៍ ច្បាប់អន្តរជាតិនិងក្បត់ឆន្ទៈប្រជាជនកម្ពុជាផងដែរ។
ទី៣៖ បំណងពិសិដ្ឋរបស់ប្រជាពលរដ្ឋនៅតែភ្ជាប់ជាមួយការប្រែប្រួលជាវិជ្ជមានប្រជាធិបតេយ្យ បងប្អួនប្រជាពលរដ្ឋជាខ្មែរស្រឡាញ់ខ្មែរ មិនចង់ឱ្យបក្សប្រឆាំងប្រព្រឹត្ត អំពើក្បត់ជាតិក្បត់ប្រយោជន៍ប្រជាជនដែលនាំទៅដល់ការបំផ្លាញសន្តិភាពដែលជា ជីវិតរបស់គាត់ និងជីវិតរបស់ប្រទេសជាតិ។ តាមពិត ពលរដ្ឋខ្មែរដែលជាអ្នកគាំទ្របក្សសង្គ្រោះជាតិក៏មិនគាំទ្រឱ្យបក្សនេះទៅឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរដែរ អ្វីដែល
ពួកគាត់ចង់បានពិតប្រាកដគឺសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែចុងក្រោយបំណងទុច្ចរិតរបស់មេដឹកនាំបក្សប្រឆាំងមួយក្តាប់តូចនេះបានបំផ្លាញឆន្ទៈរបស់ម្ចាស់ឆ្នោតខ្លួនទាំងស្រុង និងបានបំផ្លាញអនាគតរបស់សមាជិករបស់ខ្លួនព្រមទាំងធ្វើឱ្យក្តីសង្ឃឹមរបស់ពួកគាត់រលាយដូចក្រមួនត្រូវថ្ងៃ។ កម្មផលពិតជាមានមែននៅលើលោកនេះ! មេក្លោងនៃបដិវត្តន៍ពណ៌ កឹម សុខា ត្រូវបានចាប់ខ្លួន ហើយទណ្ឌិត សម រង្ស៊ី ក៏បានរត់គេចខ្លួនពី
សំណាញ់ច្បាប់។ បក្សសង្គ្រោះជាតិទាំងមូលកំពុងបាត់បង់ម្ចាស់ការ សមាជិកនៅថ្នាក់ មូលដ្ឋានកំពុងតែចលាចល ខណៈបណ្តឹងរបស់ក្រសួងមហាផ្ទៃទៅតុលាការកំពូលដើម្បី រំលាយបក្សសង្គ្រោះជាតិចោល បន្ទាប់ពីមានភស្តុតាជាច្រើនបង្ហាញថាបក្សនេះបាន ឃុបឃិតជាមួយអាមេរិកបំផ្លាញខ្មែរ និងផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។
៤៖ ទាំងខ្មែរដែលគាំទ្រ គណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិនៅក្នុង ប្រទេសកម្ពុជាគឺមិនគាំទ្រជាដាច់ខាតនូវអំពើក្បត់ជាតិ មិនគាំទ្រជាដាច់ខាតក្នុងការយក កម្ពុជាទៅដាក់ក្រោមអាណានិគមរបស់ប្រទេសដទៃរាប់តាំងពីសហរដ្ឋអាមេរិកផងដែរ។ បរទេសដែលបានលូកដៃកកូរកកាយផ្ទៃក្នុងកម្ពុជាក៏បាននិងកំពុងតែ បំផ្លាញគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាផងដែរ។
ពលរដ្ឋបានយល់ឃើញត្រូវក្នុងការថែរក្សាសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែមេដឹកនាំបក្សសង្គ្រោះជាតិមានចេតនាអាក្រក់ជាមួយប្រជាជន ហើយបរទេសដែលនៅពីក្រោយផែនការទុច្ច រិតនេះក៏មិនបានគោរពនូវគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាជាម្ចាស់ប្រទេស ដែរ។ ពួកគេពិតជាព្យាយាមក្នុងការចាត់ចែងវាសនាជំនួសប្រជាជនកម្ពុជា និងថែមទាំង ចង់ធ្វើជាម៉ែឪរបស់កម្ពុជាថែមទៀតផង។ នៅលើបបូរមាត់របស់ពួកគេនិយាយតែពី សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែនៅក្នុងជម្រៅចិត្តពួកគេវិញគឺធ្វើយ៉ាងណាលួង លោកអ្នកនយោបាយខ្មែរដែលលក់ឧត្តមគតិជាតិមួយចំនួនដើម្បីអំណាច ដើម្បីបំផ្លាញ ប្រទេសខ្លួនឯង បំពេញមហិច្ឆតាពង្រឹងទីតាំងភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុង តំបន់អាស៊ីអាគ្នេយ៍ និងយកកម្ពុជាដាក់ក្រោមអាណានិគមបែបថ្មីរបស់ខ្លួន។
ក្នុងបញ្ហានេះ ពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់អំពីចេតនាអាក្រក់របស់ទូតអាមេរិកនៅកម្ពុជាព្រមទាំងព្រឹទ្ធសមាជិកអាមេរិកប៉ុន្មាននាក់ក្នុងនោះមាន ចន ម៉ាក់ខិន ដែលគេស្គាល់ថាជាប្រធានវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ (IRI) ដែលបានគាំទ្រលើ ចលនាបដិវត្តន៍ពណ៌នៅអ៊ុយគ្រែន និងនៅប្រទេសមួយចំនួនទៀត រួមនឹងព្រឹទ្ធសមាជិកម្នាក់ទៀតឈ្មោះ ថេដ គ្រួស ព្យាយាមដាក់គំនាប និងឥទ្ធិពលលើកម្ពុជាដែលជារដ្ឋ ឯករាជ្យ និងអធិបតេយ្យភាព។ ប៉ុន្តែសម្រេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានផ្តាំផ្ញើដល់ជនបរទេសប៉ុន្មានរូបនេះដែលតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរនោះ ថា៖«សូមអាមេរិកកុំធ្វើប្រតិកម្មប្រហារដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតននៅកម្ពុជានៅឆ្នាំ ២០១៨ បើមិនដូច្នោះទេ អាមេរិកនឹងមានវិប្បដិសារីដូចពីអតីតកាលជាមិនខាន។
៥-អ្វីដែលបក្សប្រឆាំងកំពុងតែធ្វើជាអំពើដែលប្រឆាំងនឹងប្រយោជន៍ប្រជាជនកម្ពុជា។ អ្នកដែលបានគេចខ្លួនចេញទៅក្រៅប្រទេស កំពុងតែរុញឱ្យបរទេសដាក់សម្ពាធ និងដាក់ទណ្ឌកម្មមកលើកម្ពុជា ធ្វើឱ្យប៉ះពាល់មកលើកិត្យានុភាពរបស់កម្ពុជា ផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងបំផ្លាញឆ្នាំងបាយរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែសារជាតិរបស់មេដឹកនាំបក្សប្រឆាំងក្បត់ជាតិ និងក្បត់ប្រជាជនគ្មានភាពអៀនខ្មាស និងគ្មានញញើតនឹងបំផ្លាញជាតិ និងប្រជាជនខ្លួនឡើយឱ្យតែផែនការក្បត់ជាតិរបស់ពួកគេជោគជ័យ និងអាចរំដោះមេក្លោងក្បត់ជាតិ កឹម សុខា ចេញពីការឃុំខ្លួនពីបទក្បត់ ជាតិ។ ពួកគេបានអំពាវនាវគ្នាឱ្យចាកចេញទៅក្រៅប្រទេសដើម្បីបង្កកម្លាំងបំផ្លាញខ្មែរ និងបន្តគោលនយោបាយបីកុំរបស់ពួកគេគឺ កុំមកវិនិយោគនៅកម្ពុជា កុំផ្តល់ជំនួយដល់ កម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ ពួកគេពិតជាសប្បាយចិត្តនៅពេលដែលបរទេសមួយ ចំនួនគំរាមកម្ពុជា និងសម្រេចដាក់ទណ្ឌកម្ម និងកាត់ជំនួយដល់កម្ពុជា។ ការណ៍នេះបានបង្ហាញថាពួកគេពិតជាសប្បាយចិត្ត និងជាភាពជោគជ័យរបស់ពួកគេក្នុងការបំផ្លិច បំផ្លាញប្រទេសជាតិ និងកម្ទេចប្រភពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា និងចង់ឃើញកម្ពុជាដើរទៅរកសោកនាដកម្ម និងរស់ក្នុងភាពក្រីក្រីដើម្បីពួកគេងាយស្រួលក្នុងការធ្វើ នយោបាយប្រជាភិថុតិ និងបោកប្រាស់ ភូតកុហកប្រជាជនពលរដ្ឋបន្តទៀត។
នៅចំពោះមុខនៃការជ្រៀតជ្រែករបស់បរទេស និងការបំផ្លិចបំផ្លាញរបស់អ្នកនយោបាយក្បត់ជាតិមួយចំនួន កម្ពុជាប្តេជ្ញាចិត្តការពារដាច់ខាតនូវសន្តិភាព និងបន្តដំណើរលើផ្លូវនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលសម្តែងតាមរយៈការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ ក្នុងនោះ ការបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈ និងការបោះឆ្នោតតំណាងរាស្រ្តនាខែកក្កដា ឆ្នាំ២០១៨។ ប្រតិកម្មហួសហេតុរបស់បរទេស ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចដំណើរការនៃការបោះឆ្នោតឆ្នាំ ២០១៨ គឺមានន័យស្មើនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា! ប្រសិនបើបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងផ្តាច់ជំនួយ និងមិនទិញទំនិញពីកម្ពុជា នោះវាគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ មេដឹកនាំបក្សសង្គ្រោះជាតិចំពោះមុខប្រជាជនកម្ពុជា ចំពោះមុខច្បាប់ និងចំពោះមុខ ប្រវត្តិសាស្ត្រ។ បើបក្សសង្គ្រោះជាតិ និងអ្នកនយោបាយនៃបក្សនេះបានក្បត់កម្ពុជាទៅ ហើយសូមទទួលខុសត្រូវចំពោះមុខច្បាប់ កុំបន្តបំផ្លាញបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាធ្វើអ្វី!!
ដោយ ចៅចាក់ស្មុក