(កំពង់ចាម)៖ ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ លោកនាយឧត្ដមសេនីយ៍ ម៉ា ឈឿន នៅថ្ងៃទី១០វិច្ឆិកានេះ បានចាត់ឲ្យលោក សួន ផល្លា អនុប្រធានក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនកម្មការិនី១០៣នាក់ ដែលរងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដដឹកកម្មករ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ កាលពីព្រឹកមិញនេះ។
ក្នុងឱកាសនោះ កម្មការិនីដែលរបួសទាំងអស់ ទទួលបានថវិកាជួយថវិកាម្នាក់៥០,០០០រៀល និងកម្មការិនីដែលមានផ្ទៃពោះ ទទួលបានថវិកាម្នាក់១០០,០០០រៀល។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បង្កឡើងដោយ រថយន្តម៉ាកហ៊ឺយ៉ាន់ដាយខ្លួនឯងតែម្ដង ពាក់ស្លាកលេខកំពង់ចាម3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។ ដោយមុនពេលកើតហេតុរថយន្ដខាងលើ បានដឹកកម្មកររោងចក្របើកពីទិសខាងលិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងចូលរោងចក្រជូហួយ ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមនេះ បណ្ដាលឲ្យកម្មការិនីចំនួន១០៣នាក់នាក់រងរបួស ក្នុងនោះ កម្មការនី នៅរោងចក្រខាលីនតុន និងកម្មការនី នៅរោងចក្រជូហួយ ដែលបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ នៅមន្ទីរពេទ្យខេត្ដកំពង់ចាម និងចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន បានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ៕