(ព្រៃវែង)៖ ​សមាជិកក្រុមប្រឹក្សាឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ លោក ញូង រី អាយុ៦៩ឆ្នាំ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។

បើតាមលិខិតប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «ដោយខ្ញុំបាទបានពិនិត្យឃើញទង្វើមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពញុះញង់ បំបែកបំបាក់ ជាពិសេស បានឃុបឃិតជាមួយជនបរទេស គោលបំណងក្បត់ជជាតិ និងប្រជាជនខ្លួនឯង ដែលប៉ុនប៉ុងធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដូចអតីតកាលកន្លងមក ដែលទង្វើនេះខ្ញុំបាទមិនអាចទទួលយកបានឡើយ»

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖