(ភ្នំពេញ)៖ ចូលរួមអបអរសាទរ! វីរកីឡាការិនី កែ ឡេង បានបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ជូនប្រទេសជាតិកម្ពុជាទៀតហើយ ដោយមុននេះបន្ដិច លោកស្រីធ្វើបានសម្រេចក្នុងការការពារមេដាយមាសពិភពលោកជាលើកទី២ ក្រោយផ្ដួលកីឡាការិនីថៃ ដោយលទ្ធផល ៤៣-៣៨ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ នៅប្រទេសចិន ។ នេះបើតាមការឲ្យដឹងពីលោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជាមុននេះបន្ដិច។
សូមបញ្ជាក់ថា នេះគឺជាមេដាយមាសពិភពលោកលើកទី៣ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបាន ៣លើកជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុនារី មានន័យថា លោកស្រីសម្រេចបំណងការពារមេដាយមាសពិភពលោកខ្លួនជាលើកទី២ ខណៈ ២លើកកន្លងមក គឺដណ្ដើមបានកាលឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ។
អ្វីដែលពិសេសបន្ថែមទៀតនោះ ខណៈពេលនេះ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា រួមទាំងម្ចាស់មេដាយមាស ៣ជំនាន់ជាប់គ្នា វីរកីឡាការិនី កែ ឡេង ក៏បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រលើវិញ្ញាសាជាក្រុម ៣នាក់ ទល់នឹង ៣នាក់ ផងដែរ ដោយការប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដលើវិញ្ញាសានេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកាស្អែកនេះ៕