(ភ្នំពេញ)៖ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានស្នើឲ្យម្ចាស់អាជីវកម្មខ្សាច់ទាំងអស់នៅក្នុងខណ្ឌមានជ័យ ត្រូវរៀបចំទីតាំងលក់ឲ្យបានត្រឹមត្រូវល្អ។ ការលើកឡើងរបស់លោកពេជ្រ កែវមុនីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារដែលបានដឹកនាំកន្លងមក នៅសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានបញ្ជាឲ្យមន្ត្រីរាជការបុគ្គលិក ក្រោមឱវាទខណ្ឌ ដែលពាក់ព័ន្ធត្រូវត្រួតពិនិត្យ ទៅលើអាជីវកម្មខ្សាច់ទាំងអស់នោះ ដើម្បីជៀសវាងបញ្ហាផ្សេងៗ ពិសេសកុំឲ្យ ប៉ះពាល់ដល់ប្រពលរដ្ឋ។
លោកអភិបាល បានស្នើឲ្យមន្ត្រីរាជការក្រោមឱវាទខណ្ឌ ដែលពាក់ព័ន្ធលើបញ្ហាខាងលើ ត្រូវធ្វើរបាយការណ៍ជាប្រចាំថ្ងៃ ដើម្បីតាមដាន និងដោះស្រាយបញ្ហា ឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះក្រៅពីការត្រួតពិនិត្យអាជីវកម្មខ្សាច់ លោកអភិបាលខណ្ឌ ក៏ផ្តោតទៅលើបញ្ហាសំណង់ ដែលកំពុងសាងសង់ សេចក្តីជូនដំណឹងពីការធ្វើសណ្តាប់ធ្នាប់ តាមដងផ្លូវនានា និងសំណើសុំបើកផ្លូវរបស់ប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យទី៣ ដែលលោក ហាំង គង់សង់រោងឡាន និងរបងបិទផ្លូវ លទ្ធផលនៃការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលបានស្នើសុំតាមរយៈហ្វេសប៊ុក របស់ប្រមុខរាជរដ្ឋាភិបាល តាមដីការអមសាលារាជធានីភ្នំពេញ និងធ្វើរដ្ឋបាលតាមសណ្ឋាគារ ផ្ទះសំណាក់៕