(ស្វាយរៀង)៖ សាលាក្រុងស្វាយរៀង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ចំនួន៥គម្រោង ប៉ុន្តែបែរជាត្រូវបរាជ័យចំនួន២គម្រោង ដោយសារមានអ្នកកកូរកកាយកិច្ចការលទ្ធកម្ម ខណៈក្រុមហ៊ុនដេញថ្លៃក៏ដេញថ្លៃកាច់គ្នាទៀត ក៏ធ្វើឲ្យបញ្ហាតែម្ដង។
គម្រោងដេញថ្លៃមូលនិធិឃុំ-សង្កាត់ទាំង៥នោះ រួមមាន៖ ១.សង្កាត់គយត្របែក១គម្រោង គឺគម្រោងសាងសង់លូរំដោះទឹកស្អុយ ប្រវែង១៨៤ម៉ែត្រ ដាក់លូមូលមុខកាត់ ០.៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន ៤៨,៨០៣,៨០០រៀល។ ២.សង្កាត់ស្វាយរៀង គម្រោងសាងសង់ផ្លូវបេតុងអាម៉េ ប្រវែង២០៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ៧៤,៨២២,៩០០រៀល។ ៣.សង្កាត់សង្ឃ័រ គម្រោងកែលម្អផ្លូវដីក្រាលខ្សាច់ភ្នំ ប្រវែង ១,៩៩៥ម៉ែត្រ ទទឹង ៣.៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ៦០,៣៧៣,៣០០រៀល។ ចំណែកសង្កាត់ព្រៃឆ្លាក់មាន ២គម្រោង ក៏ប៉ុន្តែគ្មានក្រុមហ៊ុនណាមួយចូលដាក់ដេញថ្លៃឡើយ គឺគ្មានសម្បីមួយស្រោមសំបុត្រក៏គ្មាន។
បើតាមក្រុមប្រឹក្សាសង្កាត់ព្រៃឆ្លាក់ បានបង្ហើបឲ្យដឹងថា មានជាង២០ក្រុមហ៊ុន បានទៅឈរប្រជ្រៀតគ្នា បម្រុងដាក់សំបុត្រចូលដេញថ្លៃ ប៉ុន្តែមិនដឹងថាមានបញ្ហាអ្វី ស្រាប់តែតំណាងក្រុមហ៊ុននីមួយៗ ឈរសម្លឹងមុខគ្នា ជជែកគ្នា មិនព្រមដាក់ស្រោមសំបុត្រដេញថ្លៃសោះ ខណៈនោះក្រុមការងារលទ្ធកម្ម បានទុកពេលរហូតដល់ម៉ោង៩៖១៥នាទី ពោលគឺលើសកាលកំណត់ដល់ទៅ៥នាទី ប៉ុន្តែតំណាងក្រុមហ៊ុនទាំងនោះ នៅតែមិនព្រមដាក់ស្រោមសំបុត្រដេញថ្លៃទៀត។
លុះក្រោយមក ក្រុមប្រឹក្សាសង្កាត់ព្រៃឆ្លាក់ បានបកកិច្ចសន្យាគម្រោងចេញពីលើជញ្ជាំង បិទការទទួលស្រោមសំបុត្រ ធ្វើឲ្យក្រុមការងារលទ្ធកម្ម បណ្តេញអ្នកឈរប្រជ្រៀតគ្នា ហើយជជែកគ្នាចេញពីក្នុងបន្ទប់ដេញថ្លៃមកក្រៅ ទុកតែ១៥ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានដាក់ដេញថ្លៃ ដើម្បីរង់ចាំមើលលទ្ធផលគណៈកម្មការម្ចាស់គម្រោងបើកស្រោមសំបុត្រ។
ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុនជាង១០ក្រុមហ៊ុនទៀត គ្រាន់តែមកចុះឈ្មោះចូលរួមដាក់ដេញថ្លៃ ក៏ប៉ុន្តែគ្មានចេតនាដាក់ដេញថ្លៃទេ គឺពួកគេគ្រាន់តែមកចូលរួម ដើម្បីយកកុំមុយស្យុងប៉ុណ្ណោះ ហើយបើតាមព័ត៌មានមួយទៀតបង្ហើបឲ្យដឹងថា មានមេក្លោង រៀបជើងសារទទួលភាគលាភកុំមុយស្យុងនេះមាន៣ក្រុម ក្នុងនោះគេឃើញមានមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយជ្រំម្នាក់ ជាមេក្រុម ចែកភាគលាភ គឺមន្រ្តីរូបនេះមិននៅបំពេញការងារទេគឺដឹកនាំកូនក្រុមដើរដេញថ្លៃគ្រប់ស្រុក-ក្រុង និងទៅដេញថ្លៃនៅខាងក្រៅខេត្តទៀតផង។
ដោយមានអ្នកកកូរកកាយដូច្នេះហើយ ទើបមេក្រុមទាំង៣នេះ និយាយគ្នាមិនត្រូវ ទើបមានការដេញថ្លៃកាច់គ្នា និងមើលបណ្ណាំគ្នា បណ្តាលឲ្យហួសកាលវេលាកំណត់របស់គណៈកម្មការលទ្ធកម្ម ទើបក្រុមប្រឹក្សាសង្កាត់ព្រៃឆ្លាក់បិទមិនទទួលធ្វើឲ្យបរាជ័យ ២គម្រោង៕