(កំពត)៖ ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោម១០៣គ្រួសារ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក មានការត្រេកអរជាខ្លាំង បន្ទាប់ពីតុលាការខេត្តកំពត បានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ អ៊ឹង លី ដែលជាមេខ្លោងពូកែប្រឌិតរឿង ក្នុងការញុះញង់ និងកេណ្ឌប្រជាពលរដ្ឋ នៅទីជិតឆ្ងាយរាប់សិបនាក់ ឲ្យទៅចាប់រំលោភយកដីប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រមូលដ្ឋានភូមិព្រៃពាយ នាពេលកន្លងមក។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា តុលាការបានចេញដីកាឃុំខ្លួនជននេះដាក់ពន្ធនាគារហើយ បន្ទាប់ពីកម្លាំងអាវុធហត្ថចាប់ខ្លួនបានកាលពីម្សិលមិញ។
សកម្មភាពរបស់ជននេះ បានធ្វើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ តាំងពីថ្នាក់ក្រោម រហូតដល់ក្រសួងឈឺក្បាល ពិបាកក្នុងការរកដំណោះស្រាយ ខណៈលោក អ៊ឹង លី និងគូរកនមួយចំនួនផ្សេងទៀត បង្កើតជាបញ្ហាដោយយកប្រជាពលរដ្ឋ ពីមជ្ឈដ្ឋានខាងក្រៅ ទៅរំលោភយកដីប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានជាក់ស្តែង រាប់រយហិកតា ដែលក្នុងចំណោមផ្ទៃដីប្រមាណ ៥៣២,១៣ហិកតា លើប្រជាពលរដ្ឋ១០៣គ្រួសារខាងលើ។
ទង្វើទាំងនេះ ក៏នាំឲ្យមានការអូសបន្លាយក្នុងការចេញប័ណ្ណកម្មសិទ្ធដីធ្លី រហូតមកដល់ពេលនេះ បើទោះបីកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ទីស្តីការគណ:រដ្ឋមន្ត្រី បានចេញសជណ លេខ១៤០២ ដោយមានចំណាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាត់ដី៥២៣,១៣ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធ ជូនប្រជាពលរដ្ឋ១០៣គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំភ្លាំង ស្រុកឈូក ខេត្តកំពត ដោយរាជរដ្ឋាភិបាល បានសម្រេចយល់ព្រមតាមសំណើរ របស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរបនីយកម្ម និងសំណង់ សុរិយោដី ដើម្បីអនុញ្ញាតឲ្យខេត្ត ធ្វើការចុះបញ្ជី ដោយត្រូវអនុវត្តនីតិវិធីនៃការចុះបញ្ជីដី ស្របតាមសេចក្តីណែនាំ លេខ០១៨សណន/កគដ ចុះថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១២ របស់ក្រុមប្រឹក្សាគោលនយោបាយដីធ្លី ដូចដែលបានអនុវត្តន៍ក្នុងយុទ្ធនាការកន្លងមក។
ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត ដែលមកពីមជ្ឈដ្ឋានខាងក្រៅ គឺមិនមែនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះទេ ភាគច្រើនរស់នៅស្រុកដងទង់ ខេត្តកំពត មកអះអាងថា ពួកគេមានដី នៅក្នុងភូមិសាស្ត្រ ភូមិព្រៃពាយ ដែលជាដីជាន់លើគ្នាហ្នឹងផងដែរ ស្របពេលដែលក្រុមការងារវាស់វែង បានវាស់ជូនប្រជាពលរដ្ឋក្នុង១០៣គ្រសារខាងលើរួច ហើយ ថែមទាំងបានបិតប្រកាសជាផ្លូវការ នៅសាលាឃុំត្រពាំងភ្លាំងរួចរាល់ហើយទៀតផងដែរ។
ប្រជាពលរដ្ឋជិត២០០គ្រួសារ ដែលភាគច្រើនមកពីស្រុកដងទង់នោះ នៅពីក្រោយខ្នង ឬបញ្ជា ដែលគេសង្ស័យថា មានការពាក់ព័ន្ធជាប្រព័ន្ធ ជាមួយមន្ត្រី និងជនខិលខូច ក្នុងនោះក៏មានក្រុម លោក អ៊ឹង លី ប៉ុន្មាននាក់នេះ ជាអ្នកបង្កើតបញ្ហាធំ ក្នុងករណីពាក់ព័ន្ធទំនាស់ដីធ្លី ក្នុងទីតាំង ភូមិសាស្ត្រ នៃភូមិព្រៃពាយ ឃុំត្រពាំងភ្លាំងខាងលើនេះផងដែរ។
ដោយឃើញមហិច្ឆតាដ៏ធំ របស់លោក អ៊ឹង លី និងគូរកនរបស់គាត់ជាមេខ្លោង ដែលកំពុងបារម្មណ៍ដែរនោះ ដូច្នេះប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត រហូតដាក់ពាក្យបណ្តឹងចូលតុលាការ ឲ្យចាត់ការតាមច្បាប់តែម្តង។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ (អហ)ខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០១៧ កម្លាំង(អហ) ក្រុងកំពត បានឃាត់ខ្លួន ឈ្មោះ
អុឹង លី អាយុ៥៣ឆ្មាំ នៅចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ513 ចុះថ្ងៃទី31/08/2016 របស់សាលាដំបូងខេត្តកំពត
ពីបទ ក្លែងបន្លំប្រព្រឹត្តនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត៕