(ភ្នំពេញ)៖ ទឹកភ្នែកជាច្រើនដំណក់បានរមៀលស្រក់ភ្លាមៗ នៅពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិយាយដល់ទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសនឹកឃើញដល់មរណភាពរបស់កូនប្រុសដំបូងរបស់សម្តេច។
ក្នុងកិច្ចសំណេះជាមួយយុវជនអាស៊ាន-ជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលជាខួប ៤១ឆ្នាំនៃការស្លាប់កូនប្រុសដំបូងនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងជាមួយទឹកភ្នែកថា ជាធម្មតានៅថ្ងៃទី១០ ខែវិច្ឆិកានេះ គឺសម្តេចមិនទទួលជួបនរណា ហើយធ្វើការអ្វីនោះឡើយ ព្រោះថា ពេលសម្តេចនឹកឃើញដល់ការស្លាប់កូនប្រុសរបស់សម្តេច គឺសម្តេចនឹងយំភ្លាម ទោះជំនួយនោះជាមួយមនុស្សឋានៈណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទាំងភាពខ្សឹកខ្សួលថា «តាមធម្មតា នៅថ្ងៃទ១០ វិច្ឆិកានេះ ប្រសិនបើចៀសវាងបាន ខ្ញុំមិនធ្វើការទេ ព្រោះថ្ងៃនេះជាគឺខួប៤១ឆ្នាំ នៃសោកនាដកម្មដែលខ្ញុំបានជួបប្រទះ នេះជារឿងខ្លោចផ្សា ហើយនិយាយទៅដល់បញ្ហានេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ អ្នកទាំងអស់គ្នាអាចយល់បានអំពីជីវិតជូរចត់របស់នាយករដ្ឋមន្ត្រីរូបនេះ ជាមួយនឹងដំណើរជាតិរបស់កម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏ប្រាប់ទៅក្រុមយុវជនអាស៊ាន-ជប៉ុនថា ក្នុងរបបដ៏ឃោរឃៅនោះ ក្នុងនាមជាឪពុកសម្តេចគ្មានសិទ្ធិយកសពកូនទៅកប់ ហើយក៏គ្មានសិទ្ធិមើលថែភរិយាដែលកំពុងខ្លោចផ្សារដោយសារការបាត់បង់កូននោះដែរ។
ប្រមុខដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតនាំសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជារូបនេះ បានប្រកាសយ៉ាងច្បាស់ថា «សូមអ្នកទាំងអស់គ្នាកុំចាត់ទុកថា កម្ពុជាគ្មានរឿងអ្វីកើតឡើងនៅក្នុងអតីតកាល កម្ពុជាទទួលការឈឺចាប់លើសប្រទេសណាទាំងអស់លើពិភពលោក នៅសតវត្សទី២០ ប្រជាជនជាង៣លាននាក់ ត្រូវបានសម្លាប់ ជីវិតរបស់ខ្ញុំបានផ្សារភ្ជាប់ជាមួយការឈឺចាប់នេះ»។
សូមរំឭកថា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានរយៈពេល៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបាត់បង់កូនប្រុសដំបូង ក្រោយពេលសម្រាលមិនបានប៉ុន្មាននាទីផងនោះ ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការបាត់បង់កូនប្រុសដំបូងកើតចេញពីចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់ ក្នុងរបបអាវខ្មៅប៉ុលពតនោះ បានបន្សល់នូវក្តីវិយោគ និងឈឺចាប់យ៉ាងខ្លាំងបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្តីឈឺចាប់ក្នុងនាមជាឪពុក និងក្នុងនាមជាម្តាយ ដែលគ្មានសិទ្ធិអ្វីសម្រាប់ជួយដល់កូននាពេលនោះ នៅតែបន្តដក់ចប់ក្នុងក្រអៅបេះដូង របស់អាណាព្យាបាលពោរពេញដោយព្រហ្មវិហារធម៌ទំាងពីររូបនេះ។
ជីវិតស្នេហា និងគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តើមឡើងក្នុងដំណាក់កាលនៃប្រទេសជួបវិបត្តិញ៉ាំញីដោយភ្លើងសង្រ្គាម បានហែលឆ្លងនូវក្តីវិយោគ និងការកម្សត់យ៉ាងខ្លាំង ដូចជាត្រូវពិការភ្នែក រៀបអាពាហ៍ពិពាហ៍ដោយក្មានមេបា ភ្លេងការចងដៃ ឬសាច់ញាតិចូលរួម (រៀបចំដោយអង្គការសុទ្ធសាធ) និងត្រូវឃ្លាតចាកឆ្ងាយពីភរិយា និងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះប្រទេសជាតិនាឆ្នាំ១៩៧៧ និងការជួបកូនវិញ តែកូនមិនស្គាល់ឪពុកជាដើម...។ តែទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលរូបនេះ មិនតូចចិត្តនោះទេ ហើយបែជាមានមោទនភាពទៅវិញ ព្រោះការលះបង់ និងភាពកម្សត់របស់សម្តេច បានជួយស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋខ្មែររួចផុតពីការកាប់សម្លាប់ និងជួយឲ្យប្រទេសជាតិបានរីកចម្រើន គេចផុតពីភ្លើងសង្រ្គាម និងការបំភ្លេចបំផ្លាញសព្វបែបយ៉ាង៕