(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងទស្សនានៅលើនាវារបស់ទាហានជើងទឹករុស្ស៊ីពីរគ្រឿង ដែលកំពុងចតនៅកំពង់ផែខេត្តព្រះសីហនុ។
ការអញ្ជើញទៅបំពេញទស្សនកិច្ចលើនាវាទាំងពីរគ្រឿងនេះ គឺតបតាមការអញ្ជើញរបស់ឧត្តមនាវី អេតដេវ មីកខាយ្យូ មេបញ្ជាការកងការប៉ាល់ នៃកងទ័ពជើងទឹករុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនៅលើនាវានេះ នាយឧត្តមសេនីយ៍ គន់ គីម ដែលអមដំណើរដោយយោធាជាន់ខ្ពស់របស់កម្ពុជាមួយចំនួនដែរនោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយថ្នាក់ដឹកនាំ និងកងទ័ពនៅលើនាវាទាំងពីរគ្រឿងនេះ។
នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានអញ្ជើញទស្សនា និងណែនាំពីការងារជាច្រើនរបស់កងទ័ពជើងទឹករុស្ស៊ីនៅលើនាវាពិឃាតទាំងពីរគ្រឿង។ ក្រោយពីបានទស្សនា និងស្វែងយល់ពីការងារនៅនាវាទាំងពីរនេះហើយ ឧត្តមនាវី អេតដេវ មីកខាយ្យូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ គន់ គីម ដែលបានអញ្ជើញទស្សនកិច្ចនៅលើនាវារបស់ខ្លួន។
កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃនេះក៏មានការប្រកួតកីឡាជាមួយកងទ័ពជើងទឹករបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា នាវាជើងទឹករបស់រុស្ស៊ី ចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈ៧ថ្ងៃនៅកម្ពុជា។
នាវាដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុនេះរួមមាន៖ នាវាឈ្មោះ Admiral Panteleyev 548 មានបណ្តោយ ១៦២,៨០ ម៉ែត្រទទឹង ១៩,០២ ម៉ែត្រជម្រៅ ៦,២០ ម៉ែត្រ និងមានសមត្ថភាពផ្ទុកបាន ៦៩៥៥ តោនមានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបរួមមាន មីស៊ីលប្រឆាំងនាវាមុជទឹក ២x៤ SS.N14 មានកាណុងបញ្ឈរសម្រាប់បាញ់មីស៊ីលទៅលើអាកាស SA.N.9 ចំនួន ៨, កាំភ្លើងធំ ១០០mm ចំនួនពីរ AK.630 ចំនួន ៤ បំពង់,Torpedo 553mm ៤ បំពង់, ASW/ASUW ចំនួនពីរ,កាំភ្លើងរ៉ុក្កែតសម្រាប់ប្រឆាំងនាវាមុជទឹក RBU.600 ចំនួន ២ និងឧទ្ធម្ភាគចក្រ Ka.27Hellx ចំនួនពីរ។
នាវានេះដឹកនាំដោយលោកវរនាវីឯក Aleksey Anitsiferov និងមានកងនាវិកសរុប ៣៨៨ នាក់ក្នុងនោះនាយនាវី ៣៨ នាក់ នាវិក ៣៥០ នាក់។ ចំណែកឯនាវាឈ្មោះ Boris Butoma 621 ជាប្រភេទដឹកប្រេងមានបណ្តោយ ១៦១,១០ ម៉ែត្រទទឹង ២១,៨០ ម៉ែត្រ មានជម្រៅ ១០ ម៉ែត្រអាចផ្ទុកបានរហូតដល់ ៧១៥០ តោន។ នាវានេះដឹកនាំដោយលោកវរនាវីឯក Sergey Bondar និងមាននាវិកជាជនស៊ីវិលសរុប ៧៥ នាក់៕