(ភ្នំពេញ)៖ ទីបំផុត iPhone X ដែលអ្នកនិយមទូរស័ព្ទស្មាតហ្វូននៅកម្ពុជាមួយចំនួនទន្ទឹងរង់ចាំ បានបង្ហាញខ្លួននៅលើទីផ្សារហើយ ជាមួយនិងតម្លៃខ្ពស់កប់ពពក ពោលគឺជាង ១,៨០០ដុល្លារ សម្រាប់ទំហំ 64 GB និងជាង ២,២០០ដុល្លារ សម្រាប់ទំហំ 256 GB នៅថ្ងៃដំបូង។
មិនខុសពីការរំពឹងទុក ទោះជា iPhone X នៅកម្ពុជាមានតម្លៃខ្ពស់ជ្រុល ក៏នៅតែមានអ្នកហ៊ានចំណាយប្រាក់ទិញប្រើដែរ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការរអ៊ូរទាំពីតម្លៃរបស់ iPhone X ចាប់ផ្តើមកើតមានគ្រប់ទីកន្លែង ជាពិសេសនៅលើហ្វេសប៊ុក។ ខណៈដែល Samsung Galaxy Note 8 ដែលជាគូប្រជែងរបស់ខ្លួនរក្សាតម្លៃថេរប្រហែល ៩០០ ដុល្លារដដែល ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ តម្លៃ iPhone X បានធ្លាក់ចុះជិត ៥០០ដុល្លារ ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមានអារម្មណ៍អវិជ្ជមាន។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ហើយក៏មិនមែនជារឿងចម្លែក ពេកដែរដែលទូរស័ព្ទត្រកូល iPhone ធ្លាក់ថ្លៃជាបន្តបន្ទាប់ក្រោយបង្ហាញវត្តមាន នៅលើទីផ្សារ។ ហេតុនេះ អ្នកប្រើប្រាស់គួរពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ដោយសារតាមការព្យាករណ៍ តម្លៃនេះនឹងបន្តធ្លាក់ចុះទៀត ស្របពេលដែលគ្រឿងបន្លាស់ក៏មានតម្លៃខ្ពស់មិនធម្មតាដែរ៕