(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងអភិបាលស្រុកពាមរក៍ គឺលោកស្រី សេង ទៀង ដែលជាស្ដ្រីទី១ នៅខេត្តព្រៃវែង ដែលត្រូវថ្នាក់នាំតែងតាំងជាអភិបាលស្រុក។​

​លោកស្រី សេង ទៀង អភិបាលស្រុកថ្មី​បានប្តេជ្ញាថា គោរពនិងអនុវត្តន៍តាមគោលការណ៍ នៃការចាត់តាំងរបស់ថ្នាក់ដឹកនាំឲ្យបានជាដាច់ខាត គោរព និងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុង​គណៈអភិបាលស្រុកឲ្យបានរឹងមាំជារៀងរហូត ហើយខិតខំសម្របសម្រួលការដឹកនាំ ការិយាល័យ អង្គភាព រដ្ឋបាលឃុំ ជាពិសេសគឺក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីប្រសិទ្ធិភាពនៃការការពាសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

បន្ថែមពីនេះ លោកស្រីអភិបាលស្រុក ថានឹង​ខិតខំពុះពារបូជា​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមសហការ បំពេញភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់បំផុត, រួមចំណែកយ៉ាងសកម្ម​បំផុតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព, ប្រកាន់ខ្ជាប់នៅគុណធម៌របស់អ្នកដឹកនាំ ឲ្យបានជាប្រចាំ និងគោរពឲ្យបាននូវទស្សនទានមួយជាធំ គឺអ្វីៗយកសមូហភាពជាធំ និងលើកកម្ពស់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍ឲ្យបានល្អប្រសើរជាមួយអង្គការដៃគូរ វិនិយោគនានាធ្វើយ៉ាងណាឲ្យដំណើការវិនិយោគមូលដ្ឋានភូមិ ឃុំទទួលបានជោគជ័យ។

អភិបាលខេត្តព្រៃវែង លោក ជា សុមេធី ​បានផ្តាំផ្ញើដល់លោកស្រីអភិបាលស្រុកថ្មី ត្រូវអនុវត្តន៍ឲ្យបានល្អតាមការប្តេជ្ញាចិត្ត និងខិតខំបម្រើ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឲ្យបានល្អ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់​ ហើយត្រូវបន្តខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជាពិសេសរួមគ្នាអនុវត្តគោនយោបាយភូមិឃុំ មានសុវត្ថិភាព និងខិតខំកែលម្អសោភណ្ឌ័ភាពអនាម័យនៅតាមទីប្រជុំជននានា ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងដើម្បីលើកកិត្តិយស មុខមាត់ខេត្ត​។

បន្ថែមពីនេះលោកអភិបាលខេត្ត ប្រាប់ឲ្យ​លោកស្រីអភិ​បាលស្រកថ្មី ពិនិត្យទីតាំងបូមខ្សាច់របស់ក្រុមហ៊ុននានា ដែលមានអាជ្ញាបណ្ណ័បូមខ្សាច់ទាំងអស់ ឲ្យអនុវត្ត​បានត្រឹមត្រូវតាមច្បាប់ បើក្រុមហ៊ុនណាមិនអនុវត្តឲ្យបានត្រឹមត្រូវទេ ត្រូវស្នើសុំលុបអាជ្ញាបណ្ណ័ចោលតែម្តង ហើយត្រូវបន្តបង្ការ ទប់ស្កាត់ បទល្មើនានា នៅក្នុងមូលដ្ឋានជាពិសេសបង្ការទប់ស្កាត់ ការជួញដូរ​ការប្រើប្រាស់ ការរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ឲ្យបាន។

ជាមួយគ្នានេះ លោក ស្បោង​ សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវអំណគុណដល់អាជ្ញាធរ និងសមត្ថកិច្ចបានខិតខំរួមគ្នាអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចឡាហោម​ ស ខេង តែងតែជួយឧបត្ថមគាំទ្រ ដល់ខេត្តព្រៃវែង ធ្វើឲ្យខេត្តមានការរីកចម្រើនលើគ្រប់វិស័យ៕