(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត របស់កូរ៉េខាងត្បូងឈ្មោះថា Lanmei Airline នឹងបើកការហោះហើរត្រង់មកកាន់ ប្រទេសកម្ពុជា នៅខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបើកហោះហើររបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើឲ្យការហោះហើរត្រង់រវាងកម្ពុជា-កូរ៉េខាងត្បូង កើនឡើងដល់ ៣៥ជើងក្នុងមួយសប្តាហ៍។
ពិធីប្រកាសបើកការហោះហើរត្រង់មកកាន់កម្ពុជារបស់ក្រុមហ៊ុនហ៊ុន Lanmei Airline ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការអញ្ជើញចូលរួមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។
បើតាមលោក ឡុង ឌីម៉ង់ បានឲ្យ Fresh News ដឹងថា ក្រុមហ៊ុន Lanmei Airline នឹងដាក់បម្រើម្ហូបអាហារខ្មែរជូនភ្ញៀវពិសារក្នុងអំឡុងពេលហោះហើរផងដែរ។
លោកឯកអគ្គរាជទូតបានឲ្យដឹងទៀតថា ក្រោយពេលក្រុមហ៊ុនអាកាសចរណ៍មួយនេះបើកការហោះហើរនៅឆ្នាំក្រោយនេះ នឹងធ្វើឲ្យជើងយន្ដហោះហើរ កម្ពុជា-កូរ៉េខាងត្បូង នឹងកើនដល់ ៧០ជើងក្នុងមួយសប្តាហ៍រាប់ទាំងទៅ និងមក។
ក្រុមហ៊ុន Lanmei Airline បានឲ្យដឹងថា ការសម្រេចចិត្តបើកការហោះហើរបន្ទាប់ពីខ្លួនមើលឃើញពីការកើនឡើង នៃចំនួនអ្នកទេសចរណ៍កូរ៉េខាងត្បូងមកកាន់កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ បានចាត់ទុកការហោះហើររបស់កុមហ៊ុន Lanmei Airline មកកាន់ប្រទេសកម្ពុជា គឺជាការឆ្លើយតបនឹងគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តៅអូសទាញ និងជំរុញកំណើនភ្ញៀវទេសចរឲ្យបានតាមការគ្រោងទុក ៧លាននាក់ក្នុងឆ្នាំ២០២០។
សូមបញ្ជាក់ថា បច្ចុប្បន្នជើងហោះហើរពីកូរ៉េ មកកាន់កម្ពុជាមានការតភ្ជាប់ពីព្រលានយន្ដហោះអន្ដរជាតិអ៉ិនឆន់ ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសៀមរាប, ពីព្រលានយន្ដអន្ដរជាតិគីមហេ ទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប ហើយនៅដើមឆ្នាំក្រោយនេះ ក៏នឹងមានការហោះហើរពីទីក្រុងអ៉ិនឆន់ទៅខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលមករស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង៕