(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រាប់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទូទាំងខេត្ត រួមគ្នាការពារសន្តិភាព ការពារផលប្រយោជន៍រួមជូនពលរដ្ឋ ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បង្កអសន្តិសុខក្នុងសង្គម និងបាត់បង់ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈទាំងឡាយ។

លោក សុខ លូ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ត្រូវតែការពារឲ្យបានដាច់ខាត នូវសន្តិភាពនាពេលបច្ចុប្បន្ន ដែលរកបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក សុខ លូ បានបន្តថា «ជនឱកាសនិយមដែលព្យាយាម ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ បំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជាតិ មិនត្រូវលើកលែងឡើយ»។

លោក សុខ លូ បានបញ្ជាក់ ក្រើនរំលឹកឲ្យអង្គភាពទាំងអស់យកចិត្តទុកដាក់ឡើងវិញនូវការ ប្រជុំគណៈបញ្ជាការឯកភាពនៅតាមក្រុង ស្រុក ឲ្យបានញឹកញាប់ ត្រូវគោរពវិន័យ សីលធម៌ ត្រូវមានអ្នកប្រចាំការនៅរៀងរាល់ថ្ងៃឈប់សម្រាក់ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពង្រឹងការងារផ្ទៃក្នុង ដើម្បីបង្រ្កាបបទល្មើសនានា ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរឡើង។

ទន្ទឹមនោះគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងយកចិត្តទុកដាក់នូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ផងដែរ៕