(ភ្នំពេញ)៖ ​សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) កាលពីពេលថ្មីៗកន្លងទៅនេះ បានបោះឆ្នោតគាំទ្រសហភាព សហជីព​ចិន (ACFTU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាសមាជិកពេញសិទ្ធិនៃអង្គការអាយឡូ (ILO) ក្នុងចំណោម សំឡេងជាង១០០។

​លោក ជួន មុំថុល ប្រធានសហភាព​សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងដូចនេះ ក្នុងពីធីប្រគល់សម្ភារៈ ការិយាល័យ និ​​ងកិច្ចជួបពិភាក្សាការងារ ជាមួយគណប្រតិភូសហភាពសហជីព​ចិន (ACFTU) ដឹកមាំដោយលោក ជាវ ខាយហ័រ(Joao Kai He) នៅទីស្នាក់ការសហភាព​សហព័ន្ធសហជីពជាតិកម្ពុជា ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧​។

​លោក ជួន មុំថុល បានថ្លែងដោយ​ស្វាគមន៍ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូសហភាព សហជីព​ចិន (ACFTU) មក​កាន់​សហភាព​សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ពី​ថ្ងៃ​ទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧​នៅលើទឹកដីនៃ​កម្ពុជា និង​សូមថ្លែងអំណរគុណ​សហជីព​ចិនដែលផ្តល់សម្ភារៈការិយាល័យនូវកុំព្យូ​ទ័រដៃ២០គ្រឿង​ ព្រីនធឺ​២០គ្រឿង​ ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង​ និង​LCD​​០១គ្រឿង​ ជូន CCTU ដែលនឹងបញ្ជូនមកក្នុងពេលឆាប់ៗខាងមុខនេះ​។

លោកបាន​បន្តថា សហភាព​​សហព័ន្ធសហជីពជាតិកម្ពុជា បានទំនាក់ទំនងជាមួយសហភាពសហជីព​ចិន ក្នុងឆ្នាំ១៩៩៨ បន្ទាប់មកសហជីពទាំង២ បានទំនាក់ទំនងផ្លាស់ប្តូរទស្សនកិច្ចគ្នារហូតដល់បច្ចុប្បន្ន ហើយបានសហការគ្នានៅថ្នាក់ជាតិ និងអន្តរជាតិ ដោយជួយគាំទ្រគ្នាទៅវិញទៅមក។ ​មេសហជីពរូបនេះបន្តទៀតថា នៅរសៀលថ្ងៃដដែលនេះ លោកនឹងនាំប្រតិភូ សហភាព​សហជីព​ចិន ជួបលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដើម្បីស្វែងយល់ពីវិស័យការងារនៅកម្ពុជា និង​សូមគណៈប្រតិភូទាំងអស់ ស្នាក់នៅកម្ពុជាប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ លោក ជាវ ខាយហ័រ (Joao Kai He) អនុប្រធានសហភាព​សហជីព​ចិន (ACFTU) បានថ្លែងថា លោកសូមវាយតម្លៃខ្ពស់ នូវទំនាក់ទំនងយ៉ាងជិតស្និត រវាងសហជីពប្រទេសទាំងពីរ និង​សូមថ្លែងអំណរគុណដល់សហភាព​​សហព័ន្ធ​សហជីពជាតិកម្ពុជា ដែលបានបោះឆ្នោតគាំទ្រសហភាព​សហជីព​ចិន បានចូលជា​សមាជិក​ពេញសិទ្ធិអង្គការអាយឡូ នៅទីក្រុងហ្សឺណែវកន្លងមក។

លោក ជាវ ខាយហ័រ ក៏បានស្នើអញ្ជើញលោក ជួន មុំថុល និងសហការីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីស្វែងយល់ពីសហភាព​សហជីព​ចិន ដកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅថែមទៀត​។

​ទាក់ទងនឹងជំនួយសម្ភារៈការិយាល័យ ដល់សហភាព​​សហព័ន្ធសហជីពជាតិកម្ពុជា លោក ជាវ ខាយហ័រ បញ្ជាក់ថា នឹងបញ្ជូនមកក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយលោកនឹងបញ្ជូនក្រុមអ្នកបច្ចេកទេស មកសិក្សាតម្រូវការបន្ថែមរបស់ CCTU ដូចជាការជួសជុលការិយាល័យជាដើម៕