Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តរតនគិរី បន្តចុះអង្កេតរកផលិតផលខូចគុណភាព នៅផ្សារបរកែវ និងអូយ៉ាដាវ

10-11-2017 16:44

(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម កម្លាំងនគរបាលសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះអង្កេតត្រួតពិនិត្យ នៅផ្សារ បរកែវ និងអូយ៉ាដាវដើម្បីពិនិត្យបន្លែសាច់ ផ្លែឈើ និងផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខារខេត្តរតនគិរី បានស្វែងរកផលិតផល របស់ក្រុមហ៊ុន Conserverie Chancerelle នូវផលិតផលត្រី Tuna កែវមានគំរប ដែលគេបានរកឃើញថា មានបំណែកកែវ ក្នុងផលិតផលទាំងនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាយថាហេតុ និងស្វែងរក ផលិតផល របស់ក្រុមហ៊ុន International House of Caviar នូវផលិតផលពងត្រី Rainbow Trout Caviar របស់ប្រទេសកាណាដា ដែលគេបានរកឃើញថា ជាផលិតផលមានសក្តា នុពលអំណោយផលដល់ការលូតលាស់បាក់តេរី Clostridium Botulinum ដែលអាច បង្កហានិភ័យខ្ពស់ដល់សុខភាព ហើយជាលទ្ធផល ពុំបានរកឃើញផលិតផលត្រី Tuna កែវមានគំរប និងផលិតផលពងត្រី ដូចដែលមានក្នុងសេចក្តីណែនាំខាងលើឡើយ។

មន្រ្តីកាំកុងត្រូលសាខារខេត្តរតនគិរី បាន ចុះត្រួតពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើ នេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់ស្ពៃ តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿងភេសជ្ជៈមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទ ដោយសរុបទាំងអស់ជាង៤១គីឡូក្រាម ។ ដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ យកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅនៅផ្សារបរកែវ និងអូយ៉ាដាវ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕