(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មី ដែលអញ្ជើញមករួមរស់ជាមួយគណបក្សប្រជាជន កម្ពុជាវិញ ចំនួន៤ក្រុង-ស្រុក ដែលមានសមាជិកមករួមរស់នោះមាន៖ ស្រុកឱរ៉ាល់ ឧដុង្គ សំរោងទង គងពិសី សរុបចំនួន៨៧នាក់ ក្នុងនោះមានសមាជិកក្រុមឃុំចំនួន២នាក់ មកពីឃុំត្រពាំងជោ និងមកពីឃុំមានជ័យ ក្រៅពីនោះជាសមាជិកសកម្មរបស់សង្គ្រោះជាតិ។
លោក វ៉ី សំណាង បានថ្លែងថា ពិធីទទួលបញ្ចូលសមាជិកថ្មីនោះថាការវិលមករួមជីវភាពនយោបាយ របស់បងប្អូនហាក់បី ដូចនាំសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមដល់សង្គមជាតិ និងបានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជន ឲ្យបន្តប្រឹងប្រែងដោយមិនខ្លាច នឿយហត់ ដើម្បីកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីឲ្យបងប្អូន កូន ចៅមានការងារធ្វើថែម ទទួលបានប្រាក់ខែខ្ពស់ផងដែរ។
លោកអភិបាល បានបន្តថា សូមឲ្យបងប្អូនឈប់ជឿលើក្រុមមនុស្សអគតិមួយចំនួនដែលតែងញុះញង់បំបែកបំបាក ជាតិខ្មែរខ្លួនឯងទៅ បម្រើបរទេសដោយយកលេសថាកម្ពុជា កំពុងជួបបញ្ហាសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ខណៈដែលកម្ពុជាទទួលបានសន្តិភាព និងមានសេរីគ្រប់គ្រាន់រួចទៅហើយ៕