(ភ្នំពេញ)៖ HMD Global ដែលជាក្រុមហ៊ុន​មានអាជ្ញាប័ណ្ណផ្តាច់​មុខទូរស័ព្ទ Nokia នៅថ្ងៃនេះ បានប្រកាសសម្ពោធបង្ហាញ រូបរាងទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 នៅប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ទូរស័ព្ទ Nokia គឺជាប្រភេទទូរស័ព្ទដែលល្បីឈ្មោះ ចំពោះសមត្ថភាពក្នុងការកាន់ថ្មបានយូរ ហើយថ្ងៃនេះផងដែរ ក្រុមហ៊ុនបានប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មី នាំមកនូវភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហូតដល់ទៅ 2ថ្ងៃ ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 ត្រូវបានផលិតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀត ដែលត្រូវការសាកថ្ម ជាញឹកញាប់។

សមត្ថភាពដ៏អស្ចារ្យ​ ក្នុងការកាន់ថ្មបានយូរដល់ទៅ២ថ្ងៃ មិនបានធ្វើឲ្យស្មាតហ្វូនមួយនេះអន់ថយ ក្នុងប្រតិបត្តិការដទៃទៀត នោះឡើយ។ ​ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 ផ្ដល់នូវបច្ចេកវិទ្យា រួមបញ្ចូលគ្នារវាងប្រតិបត្តិករ Qualcomm® Snapdragon ™ Mobile Platform អេក្រង់ ៥ អ៊ីញ  ថែមទាំងគុណភាព display ខ្ពស់ និងប្រព័ន្ធប្រតិបត្តិការ AndroidTM ចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការជាទីពេញចិត្ត​ ដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។

លោក ជូហូ សាវីកាស (Juho Sarvikas) ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា​ «បច្ចុប្បន្ន មនុស្សជាច្រើនពឹងអាស្រ័យ លើទូរស័ព្ទរបស់គាត់ ហើយពួកគាត់ត្រូវមាន ការក្រើនរំឭករឿងសាកថ្មទូរស័ព្ទ របស់គាត់ពេលចេញទៅណាមកណា ដើម្បីរក្សាទំនាក់ទំនងបានពេញមួយថ្ងៃ។ យើងគិតថា ការប្រើប្រាស់ទូរស័ព្ទ មិនត្រូវបង្អាក់ឡើយ ហើយនេះជាមូលហេតុដែល​យើងបង្កើតស្មាតហ្វូន ដែលអាចឲ្យអ្នកប្រើទូរស័ព្ទ បានរយៈពេលយូរ នៅពេលឧបករណ៍ផ្សេងទៀត ត្រូវផ្អាកដំណើរការដើម្បីសាកថ្ម»

លោកបន្តថា «ជាមួយនឹងទូរស័ព្ទ Nokia 2 យើងចង់សង្កត់បន្ថែមលើបទពិសោធន៍ នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិសេស បន្ថែមពីលើថាមពលថ្មកាន់បានយូរ ដែលអតិថិជនទាំងអស់រំពឹងចង់បាន ពីទូរស័ព្ទ Nokia។ ដើម្បីធ្វើឲ្យការរំពឹងទុកនេះក្លាយ ទៅជាការពិត គ្រប់ផ្នែកទាំងអស់នៃទូរស័ព្ទNokia 2 រាប់ចាប់ពី display ទៅដល់ថាមពលថ្ម ពីchipset ទៅដល់ការរចនាប្រព័ន្ធខាងក្នុង ទាំងអស់នេះត្រូវផលិត ឡើងឲ្យស៊ីថាមពលតិច​បំផុតពីបន្ទះថ្មដ៏ធំមួយ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវស្មាតហ្វូន ដែលកាន់ថ្មបានយូរ ដែលអ្នកប្រើប្រាស់អាច​ពឹងផ្អែក បានជានិច្ចពេលត្រូវការ​»

ផលិតឡើង ដើម្បីដំណើការរយៈពេលយូរ និងគ្រប់កាលៈទេសៈ ទូរស័ព្ទដៃថ្មីម៉ូដែល Nokia 2 រចនាឡើងផ្ដោត​ លើភាពធន់មាំជាងគេ និងចំណុចសំខាន់ៗឆ្លុះបញ្ចាំង ពីកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia គឺគុណភាព ភាពសាមញ្ញ និងភាពអាចជឿជាក់បាន។ ស៊ុមរលោងរបស់ស្មាតហ្វូន Nokia 2  ត្រូវផលិតឡើងយ៉ាងម៉ត់ចត់ ពីអាលុយមីញ៉ូម ស្របពេលដែល​កញ្ចក់ Corning® Gorilla® តរូវបានបំពេញបន្ថែមដោយសារធាតុបូលីកាបូណេត នៅផ្នែកខាងក្រោយនាំមកនូវអារម្មណ៍ដ៏អស្ចារ្យ ព្រមទាំងគុណភាពល្អឥតខ្ចោះ ដែលអ្នកប្រើប្រាស់រំពឹងទុកពីស្មាត​ហ្វូន Nokia។ សមាសធាតុដ៏ល្អប្រណីត និងរចនាបទប្រកប​ដោយគំនិតច្នៃប្រឌិត និងងាយស្រួល​ក្នុងការប្រើប្រាស់ រួមគ្នាបង្កើតបាននូវម៉ូដែល​ ស្មាតហ្វូនដ៏រស់រវើក រូបរាងទាន់សម័យ ដែលអាចឲ្យអ្នកប្រើប្រាស់រីករាយ នឹងស្មាតហ្វូនដែលមានតម្លៃសមរម្យ ជាប់ធន់ នឹងកាន់ថ្មបានយូរ។

សេរីភាព ក្នុងការធ្វើការងារបានច្រើន ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2  មិនត្រឹមតែមាន ថាមពលថ្មខ្ពស់ដល់ទៅ 4100 mAh បំពាក់ដោយអេក្រង់ទំហំ​៥ អ៊ីញ ប្រភេទ LTPS LCD HD display ផ្តល់នូវរូបភាពភ្លឺថ្លា​ ត្រជាក់ភ្នែក ស្របពេលដែលថាមពលស៊ីថ្មតិចបំផុតនោះទេ។ Nokia 2 ថែមទាំង ផ្តល់ឲ្យអ្នកនូវសេរីភាពនៃការកម្សាន្ត​ដ៏សម្បូរបែប ចាប់ផ្តើមពីការ ទស្សនាវីដេអូ HD រូបថតគុណភាពច្បាស់ ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត ការកម្សាន្តលើបណ្តាញសង្គមនានា និងការឆែកអ៊ីនធើណេតជាដើម ដោយមិនព្រួយបារម្ភ ពីការអស់ថ្មឡើយ។

ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 អាចឲ្យអ្នកថតរូបភាពបានយ៉ាងស្រស់ស្អាត អស្ចារ្យគ្រប់ពេល ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ៨មេហ្គាភិចសែល ដែលមានមុខងារ automatic scene detection និង auto focus។ រីឯកាមេរ៉ាខាងមុខទំហំ 5MP អាចឲ្យអ្នកអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ។ អ្នកនឹងទទួលបានទំហំផ្ទុក សម្រាប់រូបភាពតាមដែលអ្នកចង់បានទៅក្នុង Memory card slot និងទំហំផ្ទុករូបភាព និងវីដេអូឥតដែនកំណត់ ទៅក្នុង Google Photos។

ប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះ មានសុវត្ថិភាព និងអាចធ្វើបច្ចុប្បន្នភាពជានិច្ច ស្មាតហ្វូន Nokia 2 តែងតែផ្តល់ជូន​នូវប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះ មានសុវត្ថិភាព និងបច្ចុប្បន្នភាពទាន់សម័យជានិច្ច ជាមួយនឹងមុខងារដ៏វៃឆ្លាតដូចជា Google Assistant។ ដំណើរការជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការ Android Nougat និង Android Oreo ready អាចឲ្យ Nokia 2 ទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែ ដូច្នេះអ្នកអាចទុកចិត្តបានថា ទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព និងមានបច្ចុប្បន្នភាពជានិច្ច។

ពណ៌ និងតម្លៃ Nokia 2 ពណ៌ខ្មៅមានលក់នៅទីផ្សារកម្ពុជា ដែលរាល់ការទិញ Nokia 2 ក្នុងតម្លៃត្រឹមតែ១០៩ ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន លេខទូរស័ព្ទ Smart តម្លៃ២៩ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ ៨សប្តាហ៍។

គួររំឭកដែរថា ប្រមាណ២សប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន HMD Global នៅកម្ពុជាបានចេញ ស្មាតហ្វូនចំនួន ២ ម៉ូដែល គឺ Nokia 8 ដែលជាស្មាតហ្វូននាំមុខគេ ក្នុងចំណោមស៊េរីទូរស័ព្ទ Nokia ហើយសរុបទាំងអស់ HMD Global នៅកម្ពុជាបានចេញ ស្មាតហ្វូនចំនួន ៥ ម៉ូដែល Nokia 3 Nokia 5 Nokia6 Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ ជាមួយតម្លៃយ៉ាងសមរម្យ ហើយមានសមត្ថភាពកាន់ថ្មខ្ពស់​ បានរហូតដល់ទៅ២ថ្ងៃ៕