(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរគម្រប់ខួប ២៥ឆ្នាំ របស់ព្រះវិហារព្រះគ្រិស្គភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្លឹបកីឡាវាយកូនហ្គោល CGA បានសហការជាមួយសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា រៀបចំពានរង្វាន់វាយកូនហ្គោល Cambodia Golf Tournament លើកដំបូង លើទីលាន Grand Phnom Penh ដើម្បីអបអរឱកាសពិសេសរបស់ព្រះវិហារព្រះគ្រិស្គភ្នំពេញខាងលើ ដោយមានកីឡាករមិនអាជីពចំនួន ៥២នាក់មកពី ៨ប្រទេសចូលរួម។
លោក ម៉ុន សុខជា អគ្គហេរញ្ញឹកសហព័ន្ធកីឡាវាយហ្គោលកម្ពុជា និងជាអគ្គលេខាធិការក្លឹប CGA បានឲ្យដឹងថា នេះគឺជាលើកដំបូងដែល ក្លឹបរបស់លោកបានរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ដោតសំខាន់លើការចូលរួមអបអរសាទរគម្រប់ខួប ២៥ឆ្នាំ របស់ព្រះវិហារព្រះគ្រិស្គភ្នំពេញ ស្របពេលព្រះវិហារព្រះគ្រិស្គមួយនេះ បានចូលរួមជួយដល់ជនក្រីក្រក្នុងប្រទេសកម្ពុជាច្រើននាពេលកន្លងមក។ ចំពោះវត្តមានកីឡាករ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺមានម្ចាស់ផ្ទះកម្ពុជា, កូរ៉េខាងត្បូង, ជប៉ុន, អាមេរិក, សិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, និងបារាំងជាដើម។
ម្យ៉ាងវិញទៀត ការរៀបចំនេះដែរ ក៏ជាការរួមចំណែកបំផុតឲ្យមានការចូលរួមលេងកីឡាវាយកូនហ្គោល និងលើកកម្ពស់វិស័យកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន។ ដោយហេតុនេះ លោកបានកំណត់គោលដៅ នឹងរៀបចំពានរង្វាន់ Cambodia Golf Tournament ជារៀងរាល់១ឆ្នាំម្ដង ដើម្បីចូលរួមអភិវឌ្ឍន៍ និងចម្រាញ់រកធនធានកីឡាករ-កីឡាការិនីឆ្នើមឲ្យបានកាន់តែច្រើន។ ការបញ្ជាក់បន្ថែមរបស់លោក ម៉ុន សុខជា ធ្វើឡើង ក្រោយបញ្ចប់ពិធីប្រគល់ពានរង្វាន់ជយលាភី នៅរសៀលថ្ងៃដដែលនេះ។
ដោយឡែកចំពោះលទ្ធផល ក្រោយឆ្លងកាត់ការប្រកួតជាង ៥ម៉ោងថ្ងៃនេះ គឺកីឡាករ កិម សំរេច បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Gross Score Winner ដោយរកបានពិន្ទុ៧១ ច្រើនជាងគេ។ ចំណែកលេខ១ វិញ្ញាសា Net Score Winner បានទៅកីឡាករ ឈិន ច័ន្ទសង្ហា, លេខ២ កីឡាករ ម៉ុន សុខជា ដែលជាអ្នករៀបចំកម្មវិធី និងលេខ៣ បានទៅកីឡាករ ឈុំ សំអាន។ រីឯលទ្ធផលពានរង្វាន់វិញ្ញាសា Senior ឬវ័យចាស់ គឺបានទៅកីឡាករ សោម បូរីរក្ស៕