(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្ដីអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញទៅពិនិត្យមើលឈ្មោះ ដែល គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត នៅតាមទីតាំងណាមួយក្នុងឃុំ-សង្កាត់ របស់អស់លោកអ្នកដែល និងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្កភាពព័ត៌មាន Fresh Newsទទួលបាននៅរសៀល ថ្ងៃទី១០ ខែវិច្ឆិកានេះ។
ក្នុងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីនេះដែល គ.ជ.ប មានគោលបំណងដើម្បី ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើការពិនិត្យមើលឈ្មោះរបស់ខ្លូននៅតាមឃុំ-សង្កាត់ ដូចជា៖
* ពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូង ឬការលុបឈ្មោះមិនត្រឹមត្រូវ ឬពិនិត្យរកឈ្មោះ ជនណា ដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោតដំបូង
* ធ្វើការប្ដឹងតវ៉ាចំពោះការកត់ត្រាទិន្នន័យមិនត្រូវ ឬការបាត់ឈ្មោះ ឬករលុបឈ្មោះមិនត្រឹមត្រូវ
* ធ្វើការប្ដឹងជំទាស់ចំពោះជនណាដែលមានឈ្មោះច្រើនជាងមួយកន្លែង (ឈ្មោះស្ទួន) ឬជនដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្នោះនៅក្នុងបញ្ជីបោះឆ្នោតដំបូង។
របាយការណ៍ដដែលបានបន្តថា ក្នុងការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ត្រូវធ្វើនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី១៥-២៤ ខែធ្នូ ឆ្នាំ២០១៧៕