(ភ្នំពេញ)៖ កញ្ញា ស៊ន សៀវម៉ី បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានក្រុមហ៊ុនឆ្នោតកីឡាជាតិដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនកីឡាករ កីឡាការិនីកម្ពុជា ទាំងអស់ក្នុងដែលជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយផ្តល់ជាថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ជាផ្នែកមួយចូលរួមកាត់បន្ថយការលំបាករបស់កីឡាករ កីឡាការិនីផងដែរ។
កញ្ញា ស៊ន សៀវម៉ី បានបន្តថា ក្រុមហ៊ុនឆ្នោតកីឡាជាតិ តែងតែលើកស្ទួយវិស័យកីឡាជាតិ ជានិច្ចមិនថាកីឡាករ កីឡាការិនីឆ្នើមនោះទេ គឺក្រុមហ៊ុនឆ្នោតកីឡាជាតិ បានយកចិត្តទុកដាក់គ្រប់កាលៈទេសៈជាពិសេសនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ប្រមាណ១០០នាក់ មិនតែប៉ុណ្ណោះខាងក្រុមហ៊ុនបាននាំថវិកា លើកទឹកចិត្តផងដែរ។
កញ្ញា ស៊ន សៀវម៉ី បានបញ្ជាក់ថា ដោយឡែកសម្រាប់នាងខ្ញុំដែលរបួសជើង ក្នុងពេលប្រកួតកន្លងទៅក្រុមហ៊ុន ឆ្នោតកីឡាជាតិបានឧបត្ថម្ភថវិកាផងដែរ នេះជាផ្នែកមួយចូលរួមយ៉ាងខ្លាំង ដើម្បីកាត់បន្ថយការលំបាករបស់នាងខ្ញុំ។ មិនតែប៉ុណ្ណោះសម្រាប់ក្រុមកីឡាករ កីឡាការិនីផ្សេងៗ ទៀតបានទទួលថវិកាលើកទឹកចិត្តដូចគ្នាផងដែរ។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានថ្លែងថា ក្រុមហ៊ុនឆ្នោតកីឡាជាតិ នៅតែគាំបន្តគាំទ្រជានិច្ចដល់កីឡាករ កីឡាការិនីកម្ពុជា ទោះបីមានរបួស មិនអាចចូលរួមប្រកួតប្រជែងបានដូចគ្រាមុខក៏ដោយ ក៏ក្រុមនៅតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ដដែល។
លោកឧកញ៉ា ឈិន យ៉ុងសៀន បានបន្តថា នេះគឺជាការយកចិត្តទុកដាក់ដ៏ពិសេសមួយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសខ្ញុំ រួមជាមួយក្រុមហ៊ុនតែងតែលើកទឹកចិត្តកីឡាករ កីឡាការិនីកម្ពុជា និងចូលរួមលើកស្ទួយវិស័យកីឡាជាតិ ធ្វើឲ្យអត្តពលិកមានទឹកចិត្តប្រកួតប្រជែង ស្វែងរកជ័យលាភីជូនជាតិ។ ជាក់ស្ដែងថ្ងៃនេះក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់កញ្ញា ស៊ន សៀវម៉ី សម្រាប់យកទៅព្យាបាលជំងឺ បន្ទាប់រងរបួសក្បាលជង្គង់ ក្នុងពេលប្រកួតដើម្បីដណ្តើមស្នាដៃជូនជាតិមាតុភូមិ៕