(កំពង់ឆ្នាំង)៖ សមាជិកក្រុមប្រឹក្សាឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របស់គណបក្សសង្គ្រោះជាតិ គឺលោក លីវ យឺន បានប្រកាសថា ដោយសារឃើញទង្វើរបស់លោក កឹម សុខា ក្បត់ជាតិឱនក្បាលបម្រើបរទេស ទើបលោកមកសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សមាជិកក្រុមប្រឹក្សាឃុំប្រស្នឹបរូបនេះ ក៏បានអះអាងដែរថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ ហេតុនេះហើយទើបខ្លួនចាកចេញពីបក្សសង្គ្រោះជាតិ ដែលជាបក្សក្បត់ជាតិបម្រើបរទេស។
តាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ថា «បន្ទាប់ពីបានដឹកថាគណបក្សសង្គ្រោះជាតិ បានធ្វើនយោបាយប្រជាពិថុតកុហកបោកប្រាស់ប្រជាពលរដ្ឋ ហើយលោក កឹម សុខា ជាជនក្បត់ជាតិបង្កចលាចលរួមគំនិត ជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ ដូច្នេះខ្ញុំបាទសុំចូលរួមជីវភាពបក្ស ជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖