Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញារងខេត្តកណ្ដាល បញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកឈើ១កន្លែង នៅក្រុងតាខ្មៅ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ១៩នាក់, រថយន្ត៣គ្រឿង និងរឹបអូសឈើគ្រញូងជាង៣តោន

10-11-2017 15:37

(កណ្ដាល)៖ ឈើប្រណិតដ៏កម្រប្រភេទគ្រញូង ចំរុះប្រហែលជាជាង៣៣០៥គីឡូក្រាម ស្មើនិង២៦០ដុំ ត្រូវបានឈ្មួញដឹកជញ្ជូន តាមរថយន្តយកមកស្តុក នៅកណ្តាលក្រុងតាខ្មៅ ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលចុះបង្រ្កាប។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ដឹកនាំកម្លាំងដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវរហូត ឈានទៅបង្ក្រាប ស្ថិតនៅក្នុងផ្ទះខាងលើ បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ១៩នាក់ មកធ្វើការសាកសួរ និងរថយន្ត៣គ្រឿង នាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងនោះក៏មានការចូលរួមពីលោក ឈឿន សុចិត្រ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក លី សុជាតិ នាយរងការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី និងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលផងដែរ។

លោក លី សុជាតិ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើ ឈ្មោះ អ៊ី ស្រ៊ុន ភេទប្រុស អាយុ៦៤ឆ្នាំ បានជួលទៅឲ្យឈ្មោះ ឱម តុលារតន៍ ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ ជានាយកប្រតិបត្តិ ក្រុមហ៊ុនមួយនៅខេត្តកណ្តាល។ លោកបន្តថា មុនពេលឈានចូលបង្ក្រាបទីតាំងខាងលើ ដោយកម្លាំងលោក ទទួលបានព័ត៌មានថា ទីតាំងខាងលើត្រូវបានឈ្មួញឈើ នាំឈើយកស្តុក ទុកដើម្បីនាំយកទៅលក់បន្ត។

លោកថា ដោយមានការឯកភាព និងសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងបញ្ជាដោយផ្ទាល់ពីលោកស្នងការ, ស្នងការរងទទួលផែនចុះទៅ ឆែឆេរលំនៅដ្ឋានគ្មានលេខ រកឃើញឈើប្រណិតប្រភេទគ្រញូងចំរុះចំនួន៣៣០៥គីឡូក្រាម ស្មើនឹង២៦០ដុំ និងរថយន្ត៣គ្រឿង រួចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៩នាក់នាំយកទៅ សាកសួរ។

លោក លី សុជាតិ បានបន្ថែមទៀតថា ក្រោយពីធ្វើការវាស់វែងរួច អ្នកពាក់ព័ន្ធរួមទាំងវត្ថុតាង ត្រូវបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តកណ្តាល នាំយកទៅរក្សាទុក និងចាត់ការទៅតាមនីតិវិធីច្បាប់។

លោក ឈាង ធីណា នាយផ្នែករដ្ឋបាលព្រៃឈើតាខ្មៅ បានឲ្យដឹងថា ឈើទាំងនេះ គឺជាប្រភេទឈើកម្រ បើយោងតាមច្បាប់ព្រៃត្រង់មាត្រា៩៨ អ្នកប្រព្រឹត្តត្រូវទទួលទោសពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ចាប់ពី១០លានរៀល ទៅ១០០លានរៀល ចំណែកអ្នកដែលត្រូវឃាត់ខ្លួនបណ្តោះអាសន្ននោះ យើងនិងធ្វើការសាកសួរ ប្រសិនអ្នកមានការពាក់ព័ន្ធ គឺត្រូវឲ្យ ពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ៕