(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានប្រគល់គ្រឿងឥស្សរិយយស «Grand Cordon of the Order of the Rising Sun» ជូន​កិត្តិសេដ្ឋា​បណ្ឌិត គាត ឈន់ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និ​ងហិរញ្ញវត្ថុ ​នៃ​កម្ពុជា​ និងជាអតីត​អនុប្រធាន​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បីជាការ​ទទួល​ស្គាល់​ការ​ចូលរួម​​វិភាគទាន​របស់កិត្តិសេដ្ឋាបណ្ឌិត​ ​​ក្នុង​​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ និងទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​​កម្ពុជា និង​ជប៉ុន។

​ឥស្សរជនឆ្នើម​ចំនួន​១៧ រូបទៀត ​ដែល​ទទួល​គ្រឿង​ឥស្សរិយយសនេះ សម្រាប់​សរទរដូវ​ឆ្នាំ​២០១៧ នេះ។ ឥស្សរជន​ដែល​ជា​សហលាភីរបស់​កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ទាំង​នោះ មាន​​ឥស្សរជន​ដ៏ឆ្នើម​របស់​ជប៉ុន ដូចជា​​លោក​ Wataru Aso អតីតអភិបាល​ខេត្ត​ Fukuoka និងឥស្សរជន ដែល​ជា​អតីត​ថ្នាក់​ដឹកនាំ​​នៃ​ប្រទេស​នានា​លើ​សាកលលោក​ ដូចជាលោក Jean-Marc Ayrault អតីត​នាយករដ្ឋមន្ត្រី​​នៃ​សាធារណរដ្ឋ​បារាំង និង​លោក​ស្រី Helen Clark អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ណូវែលហ្សេឡង់ជាដើម។

លោក​កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​ Facebook នៃ​ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កិត្តិ​សេដ្ឋា​បណ្ឌិត បាន​សំដែង​នូវ​មនោ​សញ្ចេត​នា​រំភើប​រីករាយ និង​អំណរគុណ​​ដ៏​ជ្រាល​ជ្រៅ​ជូន​រដ្ឋាភិបាល​​ជប៉ុន​​ ដែលបាន​ផ្តល់​​​​​​នូវ​គ្រឿង​ឥស្សរិយ​យស​ដ៏ខ្ពង់​ខ្ពស់​បំផុត​ «The Grand Cordon of the Order of the Rising Sun» ហើយ​ក៏បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ការ​យោគយល់របស់​រដ្ឋាភិបាល​​ជប៉ុន ដែល​មាន​​​​ការ​អធ្យា​ស្រ័យ​​​ដល់​រូបលោក​ ដោយ​​​​សារ​បញ្ហា​សុខភាព លោក​​​ពុំ​បាន​​ចូលរួមតាម​ការ​អញ្ជើញ​ទៅ​ក្នុង​ព្រះរាជពិធី​សវនាការ​​​​​​ជាមួយ​ព្រះចៅ​អធិរាជ​​ជប៉ុន Akihito​ ដែល​ប្រព្រឹត្តទៅនាថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ព្រះបរម​រាជ​វាំង​នាទី​ក្រុង​​តូក្យូ ​ប្រទេស​ជប៉ុន​ ហើយ​ដែល​​​​​​ព្រះអង្គ​សព្វ​ព្រះ​រាជហឬទ័យ​​ប្រោសព្រះរាជ​ប្រទាន​នូវ​គ្រឿង​​ឥស្សរិយយស​ដោយ​​ព្រះអង្គផ្ទាល់ ដោយ​មាន​វត្តមានដ៏ខ្ពង់​ខ្ពស់​របស់​​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ Shinzo Abe ទោះបី​​​ជា​ជម្រៅ​ទឹក​ចិត្តនិង​មនោ​សញ្ចេត​នា​​ កិត្តិសេដ្ឋាបណ្ឌិត​មាន​បំណង​​ទៅ​ទទួល​ដោយ​​​ផ្ទាល់​នូវ​​​គ្រឿង​ឥស្ស​រិយ​​យស​ពី​ព្រះអង្គ ក៏ដោយ​។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បាន​រំលឹក​អំពី​ផល​គុណ​​នៃ​កត្តាធំៗ​ចំនួន​បី ដែល​ជា​វិភាគទាន​នាំ​ឱ្យឯកឧត្តម​​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​​បំផុត​​ «The Grand Cordon of the Order of the Rising Sun» នៃ​​ប្រទេស​ជប៉ុន​នេះ៖

ទី១-​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគី​កម្ពុជា​-ជប៉ុន​ បាន​បន្ត​ពីមនុញ្ញកុសល​នៃ​​ព្រះរាជកេរមត៌ក​ដ៏​ថ្លៃថ្លាបំផុត​ ​របស់​ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលទ្រង់​បានឡាយ​ព្រះ​ហស្ត​លេខា​​លើ​សន្ធិសញ្ញា​មិត្តភាព​កម្ពុជា-ជប៉ុន ឆ្នាំ​១៩៥៥ ដើម្បី​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​​​រវាង​ប្រទេស​ទាំង​ពីរ។

ទី២-​​​អគ្គ​មគ្គ​ទេសភាព​​​​​​ដ៏​ឧត្តុង្គឧត្តម​ ប្រកប​ដោយ​​ប្រសិទ្ធភាព​ និង​ស័ក្តសិទ្ធិភាព​ ពោរពេញ​ដោយគតិបណ្ឌិត ទេព​កោសល្យ​ដ៏ប៉ិនប្រសប់ បញ្ញាញាណ​វៃ​ឈ្លា​ស មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម ​របស់​សម្តេច​​​​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​​​ ។សម្ដេច​តេជោ​ បាន​ដើរ​តួដោយ​ឡែក​ ជា​និម្មាបនិក​នៃ​ទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេសជប៉ុន ពោលគឺសម្ដេចតេជោ​​ ជា​អ្នកលើក​​នយោបាយផង​ ហើយ​​​ជាអ្នកដឹកនាំ​អនុវត្ត​ដោយផ្ទាល់​ផង។ សម្តេច​តេជោ​ ជា​អ្នកជំរុញ​​យ៉ាង​ខ្លាំងក្លា​ ដើម្បី​​​​ប្រទេសជប៉ុនមាន​​តួនាទីចូលរួមក្នុង​កងកម្លាំ​ង​ថែរក្សា​​សន្តិភាព (PKO) ក្រោម​ឆ័ត្រ​នៃអង្គការ​​សហប្រជា​-ជាតិ​​ ជាលើក​ដំបូងបំផុត ​​ក្នុង​​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ក្នុងការអភិវឌ្ឍប្រទេស​ សម្តេចតេជោ​ និង​សមភាគីជប៉ុន​គឺលោកShinzo Abe បានចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​​​​ស្តីពី​សេរីភាវូបនីយកម្ម ការ​ជំរុញ​និង​ការ​​ការពារ​​វិនិយោគ ​នេះ​ជា​លើក​ទីមួយ​ហើយក្នុង​ប្រវត្តិ​សាស្ត្រ​​​នៃ​កិច្ច​ព្រមព្រៀង​វិនិយោគទ្វេភាគី (BIT) ដែល​មាន​នាយករដ្ឋ​មន្ត្រី​​​​​នៃ​ប្រទេស​ពីរចុះហត្ថលេខា ហើយលើ​ការ​អនុវត្ត​ជាក់​ស្តែង សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏​​បាន​ដើរ​​តួនាទី​ជា​ឆ្មប​​សម្រាប់​វិនិយោគិន​ជប៉ុន ដូចជា​ការ​បង្កើត​រោងចក្រ​​ផលិតឧបករណ៍​អេឡិកត្រូនិក​

ទី៣.​កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បាន​បញ្ជាក់​ថា​រូបលោក​គ្រាន់តែជាអគ្គសេនាធិការ​របស់សម្ដេច​តេជោ ​ក្នុង​ប្រព័ន្ធ​តួអង្គ​នៃ​ការ​អនុវត្ត​គោល​នយោបាយ និង​នយោបាយ​ដែល​ដាក់​ចេញ​និង​ដឹកនាំ​អនុវត្ត​​ផ្ទាល់​ ដោយ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃ​កម្ពុជា។ កិត្តិសេដ្ឋា​បណ្ឌិត បាន​គោរព​សំដែងនូវកតញ្ញុ​តាធម៌​ និង​កតវេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ជូនចំពោះ​គុណូបការៈ​ដ៏មហាធំធេង​ ឥតត្រើយត្រាណរបស់ សម្ដេ​ច​តេជោ  ​ចំពោះលោក។ គ្រឿង​​ឥស្សរិយ​យស និង​​ជ័យលាភី​នានា ​ដែល​កិតិ្តសេដ្ឋាបណ្ឌិត​​​បាន​ទទួល​ពេល​នេះ និង​​ពេល​មុនៗ គឺបាន​មក​​ដោយ​សារឯកឧត្តម​​មាន​ភ័ព្វសំណាង ​និង​កិត្តិយស​​​ដ៏ធំធេង​ទទួល​ទំនុក​​ទុកចិត្ត​ដ៏​មុតមាំ ​​ពីសំណាក់​ ដែល​មានចំពោះ​លោក​ជានិច្ច​ ក្នុង​ការ​ដឹកនាំកា​រងារ ជា​ពិសេស​​ជាមួយ​ប្រទេសជប៉ុន ដែល​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន បន្ត​សម្រេច​​​បានផ្លែផ្កាដ៏​ត្រចះត្រចង់។ កិត្តិសេដ្ឋាបណ្ឌិត បាន​រំលឹកដល់តួអង្គផ្ទាល់​នៃកិច្ច​សហប្រតិបត្តិការកម្ពុជា-ជប៉ុន​ ដែល​បាន​រួមគ្នា​ជា​ក្រុម​​ក្នុង​ការ​​អនុវត្ត​​នូវនយោបាយ​នានារបស់​​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​ ក្នុង​នោះ​មាន​ជាអាទិ៍ លោក​​​​​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោករដ្ឋមន្ត្រី​ សុខ ចិន្តាសោភា អគ្គ​លេខា​ធិការ​​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា អគ្គលេខា​ធិការ​​គណៈកម្មា​ធិការ​នីតិសម្បទា​​និងអភិវឌ្ឍន៍កម្ពុជា និង​សហសេវិក​ទំាងអស់​​ក្នុងគណៈរដ្ឋមន្រ្តី ក្នុងស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំង​​សហការី​ទាំង​អស់​ទាំង​នៃ​ក្រសួង​ ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏ដូចជា​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ និង​ជនជាតិ​កម្ពុជាដែល​ពាក់ព័ន្ធ ព្រមទាំង​​ភ្នាក់​ងារ-អង្គភាពរដ្ឋ​​ផ្សេងៗ​។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បាន​គូសបញ្ជាក់​ថា ការទទួល​បានកិត្តិយស​និង​គ្រឿង​ឥស្សរិយយស​ដ៏ថ្លៃថ្លានេះ មិន​អាច​កាត់​ផ្តាច់​បាន​ពីនយោបាយ​របស់​រដ្ឋាភិបាល​ជប៉ុន, ភ្នាក់ងាររដ្ឋាភិបាល​ជប៉ុន ​ទាំង​​នៅទី​ស្នាក់​ការ​កណ្ដាល​ នាទី​ក្រុង​តូក្យូ ទាំង​ការិយាល័យ​​តំណាង​នៅរាជធានីភ្នំពេញ ដែល​ធ្វើ​ការ​នៅ​ក្រោម​ការ​សម្រប​សម្រួល​របស់​ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំ​កម្ពុជា​ជា​បន្តបន្ទាប់​​ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​ជប៉ុន​ចំពោះ​កម្ពុជា ដូចជា​ទីភ្នាក់ងារ​សហប្រតិបត្តិការ​​អន្តរជាតិជប៉ុន (JICA) ជាដើម​ និង​វិភាគទាននានា​របស់​​អង្គការមិន​មែន​រដ្ឋាភិបាល​ជប៉ុន​ ។

ទន្ទឹម​នឹងនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានគូស​បញ្ជាក់​ថាកិត្តិសេដ្ឋាបណ្ឌិត​តែ​ង​ចូលរួម​សកម្មភាព​ទាំង​ផ្លូវ​ការ ទាំង​សង្គមជាមួយ​សមភាគី​ជប៉ុន​ ក៏ដូច​ជាជាមួយ​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​។

មុន​នឹង​បញ្ចប់​ កិត្តិសេដ្ឋាបណ្ឌិត បាន​​ថ្លែង​អំណរគុណ​ចំពោះ​លោក​ Hidehisa ​​Horinouchi ​ឯកអគ្គរដ្ឋ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​អតីត​ឯកអគ្គរដ្ឋ​ទូត​ជប៉ុនចំនួន​ ០៨ រូបទៀត ព្រមទាំង​សហការី​ទាំងអស់​នៃស្ថានទូតជប៉ុន​ប្រចាំ​ព្រះរាជាណា​ចក្រក​កម្ពុជា តាំង​ពី​នីតិកាល​ទី១ នៃ​រដ្ឋសភា​នៃព្រះរាជាណាចក្រ​កម្ពុជា​ យុគសម័យ​ទី២ ដែល​តែង​តែយក​​ចិត្តទុក​ដាក់រាល់​សកម្មភាព​ការងារនិង​ទំនាក់​ទំនង​គ្រប់​ប្រភេទ​របស់កិត្តិសេដ្ឋាបណ្ឌិត​ និង​បាន​ខិតខំ​ជម្រាប​​ជូន​រដ្ឋាភិបាល​​ជប៉ុន រហូត​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​គ្រឿង​​ឥស្សរិយ​យសដ៏វិសេស​វិសាល​​បំផុត​ “The Grand Cordon of the Order of the Rising Sun” ដល់​រូប​កិត្តិសេដ្ឋាបណ្ឌិត​។​

ជាទីបញ្ចប់​នៃ​ចំណាប់​អារម្មណ៍ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បាន​សំដែង​នូវ​ជំនឿថា ទំនាក់​ទំនង​ និង​កិច្ចសហប្រតិបត្តិការក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ជប៉ុន​ នឹង​បន្ត​ពង្រឹង​ថែមទៀត ដើម្បី​ជាឧត្តម​ប្រយោជន៍​សម្រាប់​កម្ពុជា​ផង សម្រាប់​​ជប៉ុន​​ផង ព្រមទាំង​ដល់​តំបន់​និង​ពិភពលោក​ផង ហើយបាន​សំដែង​ការ​​ជឿជាក់​ថា​ ​ជប៉ុន​នឹង​បន្ត​​ផ្តល់ហិរញ្ញប្បទាន​​ដល់​កម្ពុជា ហើយ​​ការគាំទ្រ​របស់​ប្រទេស​ជប៉ុន​ចំពោះ​កម្ពុជា​នឹងចេះតែបន្ត​បង្កើនឡើង​ ​ឯលំហូរទុន​ជប៉ុន​ ចូលមក​កម្ពុជា​​ ក៏ចេះតែ​រីក​ចម្រើន​​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕