(ភ្នំពេញ)៖ លោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានប្រតិបត្តិក្រុមហ៊ុន ឆ្នោតកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធី ជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា និងចែករង្វាន់លើកទឹកចិត្តដល់ ក្រុមកីឡាករ កីឡាការិនីជម្រើជាតិកម្ពុជា ដែលមានជីវភាពក្រីក្រ ដោយមានការសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅទីស្នាក់ការ NOCC ភ្នំពេញ ដោយមាការចូលរួមពី សំណាក់លោក វ៉ាត់ ចម្រើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិក តំណាងលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជាប្រមាណ១០០នាក់ផងដែរ។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានថ្លែងថា ពិធីជួបជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីរឹតបណ្តឹងចំណង ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុមហ៊ុន និងគណ់កម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាពិសេសគឺបង្កើតនូវមនោសញ្ចេតនាជិតស្និតរវាងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិឆ្នើមទាំង១០០នាក់ ជាមួយភា្នក់ងារចែកចាយឆ្នោតកីឡាជាតិ និងបុគ្គលិកក្រុមហ៊ុនឆ្នោតកីឡាជាតិ ជាមួយកីឡាករ កីឡាការិនីកម្ពុជា ដែលរស់នៅក្រោមដំបូលមហាគ្រួសារ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានបន្តថា ដើម្បីលើកស្ទួយដល់វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន បន្ថែមទៀតនោះក្រុមហ៊ុនឆ្នោតកីឡាជាតិ នឹងធ្វើការសួរសុខទុក្ខដល់បងប្អូនក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ជារៀងរាលឆ្នាំ និងជួយឧបត្ថម្ភដល់កីឡាករ កីឡាការិនីណាដែលជួបបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
លោកឧកញ៉ាប្រធានប្រតិបត្តិក្រុមហ៊ុន ឆ្នោតកីឡាជាតិ បានបញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែល បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមផងដែរ៕