(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូន និស្សិតឆ្នើមប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ចំនួន ៣៣រូប និងបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៧-២០១៨។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ តំណាងនិស្សិត និងតំណាងស្ថាប័នជាដៃគូជាង ១២០នាក់។
លោកបណ្ឌិតសាកលវិទ្យាធិការ បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតំណាងដៃគូ និងតំណាងនិស្សិតឆ្នើម និងនិស្សិត ដែលទើបនឹងចុះឈ្មោះសិក្សាក្នុងឆ្នាំសិក្សាមូលដ្ឋានជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សាកលវិទ្យាធិការ ក៏បានលើកឡើងអំពី សកម្មភាពនានា និងការវិវឌ្ឍរបស់សាកលវិទ្យាល័យពាក់ព័ន្ធទៅនឹងកិច្ច តំណើរការអភិវឌ្ឍធនធានមនុស្ស ការជ្រើសរើសសាស្ត្រាចារ្យ ជ្រើសរើសនិស្សិត និង ការធ្វើទំនើបកម្មសេវាកម្ម ធនធានសម្ភាររូបវន្ត និងទំនើបកម្មលើកម្មវិធីសិក្សាក្នុងគោលដៅពង្រឹង គុណភាពសេវាអប់រំរបស់សាកលវិទ្យាល័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការជំរុញ និងបង្កើនគុណភាពអប់រំមួយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារ ពិសេសដើម្បីបំពេញនូវតម្រូវការធនធានមនុស្សនាពេលបច្ចុប្បន្ន និងអនាគតរបស់ស្ថាប័នរដ្ឋ និងឯកជនជាដៃគូ។
លើសពីនេះ លោកសាលវិទ្យាធិការក៏បានពន្យល់ណែនាំដល់និស្សិត នូវគន្លឹះជោគជ័យក្នុងជីវិតសិក្សា នៅថ្នាក់ឧត្តមសិក្សាថែមទៀតផង ។
លោកសាកលវិទ្យាធិការ ក៏បានលើកឡើងអំពីសាវតាមួយចំនួនរបស់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនិស្សិតគួរដឹង និងស្គាល់អំពីសាកលវិទ្យាល័យដែលពួកគេបាននិងកំពុងសិក្សា។
- សាកលវិទ្យាល័យបានសហការយ៉ាងជិតស្និតជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងនិស្សិតលើមុខជំនាញឯកទេស គណនេយ្យនិងហិរញ្ញវត្ថុ, ធនាគារនិងហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ព័ត៌មានវិទ្យា, ភាសាអង់គ្លេសម្រាប់ពាណិជ្ជកម្ម -ល-។
- ក្រៅពីនេះ ដើម្បីធានានូវភាពរឹងមាំនៃកម្មវិធីសិក្សា ដែលឆ្លើយតបទៅនឹងឱកាសការងារសម្រាប់និស្សិតដែលបាន និងកំពុងសិក្សានៅសាកលវិទ្យាល សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាកលវិទ្យាល័យក៏មានកិច្ចសហការយ៉ាងល្អជាមួយ សាកលវិទ្យាល័យឆាលស្ទឺត៍ (ប្រទេសអូស្ត្រាលី), ACCA (សមាគមគណនេយ្យករជំនាញ), Oracle (បានទទួលជា Gold Partner), និង ក្រុមហ៊ុនសវនកម្ម ខេ ភី អឹម ជី (KPMG) ជាដើម។
កម្មវិធីសិក្សាទាំងនោះនឹងជួយឱ្យនិស្សិតរបស់សាកលវិទ្យាល័យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញការបារនៅតាមស្ថាប័នរដ្ឋ និងឯកជនបានប្រកប ដោយប្រសិទ្ធភាព។ ក្នុងនោះនៅឆ្នាំ២០១៦កន្លងទៅ និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រឡងជាប់ជាស្ថាពរបម្រើការងារ ជាមន្ត្រីរាជការក្នុងអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងអត្រាប្រមាណជាង ១៣.៥% ក្នុងចំណោមបេក្ខជនជ័យលាភីសរុបជិត ៤០០នាក់។
បន្ថែមពីនេះលោកសាកលវិទ្យាធិការក៏បានលើកសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំសិក្សា២០១៦-២០១៧ អំពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់សិក្សា រួមទាំងការគោរពវិន័យរបស់សាកលវិទ្យាល័យជាដើម ។ នាឱកាសនោះដែរ និស្សិតឆ្នើមក៏ទទួលបាននូវរង្វាន់ជាសម្ភារសិក្សាមួយចំនួន រួមនិងប័ណ្ណសរសើរម្នាក់មួយ ទៅតាមចំណាត់ថ្នាក់នីមួយៗរបស់ពួកគេផងដែរ។ ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តដល់និស្សិតដ៏ទៃទៀត ឱ្យខិតខំនិងយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែមទៀតពោលគឺយកសិស្សច្បងដែលជាជ័យលាភីទាំងនោះជាគំរូស្រាប់ ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមអនុក្រិត្យលេខ១២១ អនក្រ.បកចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពី ការទទួលស្គាល់ការប្រែក្លាយពី វិទ្យាស្ថានឯកទេសសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកជាសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមហាវិទ្យាល័យចំនួន ៥ រួមមាន ១.មហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គមនិងសេដ្ឋកិច្ច ២.មហាវិទ្យាល័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ៣.មហាវិទ្យាល័យ សិល្បៈនិងភាសាបរទេស ៤.មហាវិទ្យាល័យ ធុរកិច្ចនិងហិរញ្ញវត្ថុ និង ៥.មហាវិទ្យាល័យ ទេសចរណ៍និងទំនាក់ទំនងអន្តរជាតិ។
បច្ចុប្បន្នសាកលវិទ្យាល័យ មាននិស្សិតសរុបចំនួន ២,១៧២ នាក់ ដែលកំពុងសិក្សានៅលើជំនាញសំខាន់ៗចំនួន ៥ គឺជំនាញ (១) គណនេយ្យ និងហិរញ្ញវត្ថុ (២) ធនាគារនិងហិរញ្ញវត្ថុ (៣) សេដ្ឋកិច្ច (៤) ភាសារអង់គ្លេស និង (៥) ទំនាក់ទំនងអន្តរជាតិ ពីកម្រិតបរិញ្ញាបត្ររង រហូតដល់ បរិញ្ញាបត្រជាន់ខ្ពស់។
សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា លើមុខជំនាញដូចបានរៀបរាប់ខាងលើ ជាមួយសាលកវិទ្យាល័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅតែអាចចុះឈ្មោះចូលរៀនបន្តទៀតបាន រហូតដល់ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៧។
ចូលរៀនវគ្គចុងក្រោយថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៧ ។ សូមទំនាក់ទំនងទូរស័ព្ទលេខៈ 010 516 887 / 023 882 610៕