(កំពង់ធំ)៖ ជីសរីរាង្គចំនួន១០តោន ដែលជាអំណោយរបស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានប្រគល់ជូនដល់កីឡាករទូកងឈ្មោះ «បាសាក់សំហេងសែនជ័យ» ដែលបានប្រកួតទទួលជាប់ចំណាត់ថ្នាក់លេខ១ នៃការប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ពិធីប្រគល់-ទទួលជីខាងលើ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិអូរកន្ធរ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាទីប្រឹក្សារាជរដ្ឋាភិបាល លោក ស៊ឹង ម៉ុន ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៊ុន ថេត ប្រធានក្រុមហ៊ុនជីបៃអូហិវមិខផ្លាស់ និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់។

លោក ប៊ុន ថេត លើកឡើងថា ជីសរីរាង្គរបស់ក្រុមហ៊ុនបៃអូហិវមិខផ្លាស់មានលក្ខណៈពិសេសចំនួន៤យ៉ាង រួមមាន៖ ជំនួយដី បណ្តេញសត្វល្អិតចង្រៃ កម្ចាត់ក្រា និងបង្កើនទិន្នផល។ ចំពោះការប្រើប្រាស់វិញ គឺអាចប្រើប្រាស់ទៅលើដំណាំហូបផ្លែ ស្រូវ និងបន្លែជាដើម សារប្រយោជន៍ និងប្រសិទ្ធភាពនៃការប្រើប្រាស់គឺជំនួយឫស ជំនួយដើម ស្លឹក មើម ផ្កា និងផ្លែផងដែរ។

លោក ឈុន ឈន់ មានឲ្យដឹងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញសម្បូរទៅដោយទូកងមានល្បឿនលឿនជាងគេ ទំាងនៅក្នុងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ននេះ រីឯកីឡាករទូកងមានសុខភាពល្អ កម្លាំងពលំមាំមួន និងមានក្រមសីលធម៌ខ្ពស់ មិនថាទូកងខេត្តកំពង់ធំ ទូកងនៅខេត្តផ្សេងៗ បើមានចំណុះកីឡាករជាអ្នកខេត្តកំពង់ធំនឹងអាចដណ្តើមជ័យជំនះច្រើនលើសលុប ជាក់ជាមិនខានឡើយ។

ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរភាពនៃបុព្វបុរសកងទ័ពជើងទឹកជំនាន់ដើម ដែលបានពលីជីវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិ។ ម្យ៉ាងវិញទៀត ដើម្បីបង្ហាញថាប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ សម្បូរសប្បាយ ប្រជាពលរដ្ឋទូទំាងប្រទេសអាចធ្វើដណើរកម្សាន្តសប្បាយនៅគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាចឡើយ ហើយការទទួលបានជ័យជំនះនេះ គឺជាការខិតខំប្រឹងប្រែងរបស់កីឡាករបានសាមគ្គីគ្នា។

លោកសូមអរគុណដល់ក្រុមហ៊ុនជីបៃអូហិវមិខ ដែលបានជួយឧបត្ថម្ភដល់ក្រុមកីឡកររបស់ទូកងនូវជីសរីរាង្គចំនួន១០តោន និងអាវយឺតចំនួន១០០ ក្នុងការជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើស្រែនារដូវសម្រកនេះផងដែរ៕