Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា និងភាគីកូរ៉េ ចុះអនុស្សរណៈលើគម្រោងជួសជុល និងអភិរក្សលានជល់ដំរី

10-11-2017 14:27

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងអង្គការសហប្រតិបត្តិការអន្តរជាតិ លើវិស័យបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ (CHICO) នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីអភិរក្ស និងជួសជុលលានជល់ដំរី ខេត្តសៀមរាប។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងភាគីកូរ៉េ ដឹកនាំដោយលោក CHOI តំណាងរបស់អង្គការ CHICO។

លោក ស៊ុំ ម៉ាប់ បានលើកឡើងថា គម្រោងអភិរក្ស និងជួសជុលលានជល់ដំរី ជាជំហានថ្មីមួយទៀតរបស់សាធារណរដ្ឋកូរ៉េ នៅក្នុងកិច្ចសហការជួសជុល និងអភិរក្សបុរាណដ្ឋាននៅក្នុងតំបន់អង្គរ បន្ថែមលើគម្រោងកិច្ចសហការនៅក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថាប័ន KCHF ជាអ្នកទទួលខុសត្រូវ។ ថ្មីៗមកនេះ មូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA ក៏បានបើកសម្ពោធបន្ទប់ពិសោធន៍មួយ នៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិ អប្សរាផងដែរ ដែលបានរួមចំណែកយ៉ាងច្រើនផ្នែកពិសោធន៍ផ្សេងៗនៅតំបន់អង្គរ។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហការនេះមិនផ្តោតសំខាន់តែលើការងារជួសជុល និងអភិរក្សទេ តែក៏យកចិត្តទុកដាក់ផងដែរលើផ្នែកស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមានអ្នកជំនាញកូរ៉េជាអ្នកបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា នាថ្ងៃអនាគតកិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើររវាងអាជ្ញាធរជាតិអប្សរា និង CHICO៕