(វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ ដាណាំង ប្រទេសវៀតណាមហើយ ដើម្បីចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយនិងបណ្តាមេដឹកនាំ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) ដែលនឹងប្រារព្វធ្វើឡើងទីក្រុងដាណាំង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី១០វិច្ឆិកានេះ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិដាណាំង ប្រទេសវៀតណាម ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១២៖៣២នាទី ម៉ោងនៅប្រទេសវៀតណាម។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ថ្នាក់ដឹកនាំក្រុងដាណាំង លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់វៀតណាម និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។
ដំណើរនៃការអញ្ជើញទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក នៅពេលនេះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺឆ្លើយតបទៅនិងការអញ្ជើញពីលោកត្រាន់ ដាយក្វាន (Tran Dai Quang) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក(APEC) ឆ្នាំ២០១៧។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីថាមភាពថ្មី សម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយ នៃអាស៊ី-ប៉ាស៊ីហ្វីក៕